លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនចំការកៅស៊ូធំៗ កំពុងជួបវិបត្តិចំនួន២ធំៗ ដែលកំពុងជិះឥទ្ធិពលដល់វិស័យកៅស៊ូកម្ពុជា។
យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានលើកឡើងបន្ទាប់លោកឧកញ៉ាបានចូលរួមកិច្ចប្រជុំក្រុមការងារទី ១ “កសិកម្ម -កសិ ឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១១ ខែ គុម្ភៈថា ក្រុមហ៊ុនចំការកៅស៊ូធំៗ កំពុងជួបវិបត្តិចំនួន២ គឺ៖
១- កំពុងខ្វះកម្លាំងពលកម្ម
២- ជ័រកៅស៊ូនៅទីផ្សារ នៅបន្តមានតម្លៃថោក ក្នុងរយៈពេលជិតដប់ឆ្នាំមកដល់សព្វថ្ងៃនេះ។
លោកឪកញ៉ាបញ្ជាក់ថា វិបត្តិនេះ នឹងអាចបន្ត ដោយសារស្ថានភាពសេដ្ឋកិច្ចសកលនាបច្ចុប្បន្ននេះ ហើយបើតាមស្ថានភាពសេដ្ឋកិច្ចសកលនាសព្វថ្ងៃនេះ គឺមិនទាន់មានវិធីដែលអាចស្រោចស្រង់បាននូវឡើយទេ។ តែយ៉ាងណា លោកថា បច្ចុប្បន្នកំពុងត្រៀមប្រមូលបញ្ហារបស់ក្រុមហ៊ុន សហគ្រាស អ្នករកស៊ី ដែលជួបការលំបាកជាមួយមន្ត្រី និងស្ថាប័នរដ្ឋនានា ដើម្បីដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយនៅថ្ងៃទី១ ខែមេសា ខាងមុខនេះ ។
ពាក់ព័ន្ធដំណាំកៅស៊ូនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីពេលថ្មីៗនេះ បានលើកឡើងថា កម្ពុជាបាននាំចេញជ័រកៅស៊ូជិត ៣០ម៉ឺនតោន កើនឡើង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយអាចរកចំណូលជិត ៤០០លានដុល្លារ នៅឆ្នាំ២០១៩។
ជាមួយគ្នានេះ លោកថា ក្រសួងដែលមានអគ្គនាយកដ្ឋានកៅស៊ូជាសេនាការ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ ឱ្យកាន់តែល្អប្រសើរឡើង និងមានភាពប្រកួតប្រជែង តាមរយៈការដាក់បញ្ចូលផែនការ អភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម២០១៩-២០២៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ និងបន្តជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០ ឱ្យបានជោគជ័យតាមគោលដៅគ្រោងទុក៕ អត្ថបទ៖ សិរីកា