ក្រៅពីការងារមនុស្សធម៌ សមាគមសម្ព័ន្ធខ្មែរ-ចិន បានគៀងគរវិនិយោគិនជាង ២០ម៉ឺននាក់ មកបណ្តាក់ទុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សមាគមសម្ព័ន្ធខ្មែរចិន ដែលជាកន្លែងប្រមូលផ្តុំសមាគមខ្សែស្រឡាយចិនទាំងអស់នៅកម្ពុជា បាននឹងកំពុងចូលរួមរក្សានូវទំនៀមទំលាប់ និង វប្បធម៌រស់នៅដោយសម្របខ្លួនតាមវប្បធម៌ ប្រណីពៃណីខ្លួនភ្ជាប់នឹងវប្បធម៌ខ្មែរ និងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដោយបង្កើតសាលារៀនភាសាចិន ធ្វើការទាក់ទងពាណិជ្ជកម្ម និង វិនិយោគជាមួយបរទេស។ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដោយប្រជាពលរដ្ឋខ្សែស្រឡាយចិននៅកម្ពុជា ខណៈដែលគិតមកដល់ពេលបច្ចុប្បន្នមានអាយុកាលជាង ៣២ឆ្នាំ។ ប្រធានសមាគម គឺ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ជាអ្នកដឹកនាំកំពូលចំនួន ២ អាណត្តិជាប់គ្នា អាណត្តិទី ៥ និងទី ៦។

សមាគមនេះ បានបន្តបេសកកម្មរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការគៀងគរអ្នកវិនិយោគ និងភ្ញៀវទេសចរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ត្រឹមឆ្នាំ២០២១កន្លងទៅ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា មានសមាជិកចំណុះ១៥០សមាគម និងមានសាលារៀនភាសាចិនដែលជាចំណុះដល់ទៅជាង៦០សាលាទូទាំងប្រទេសឯណោះ។ សមាគមមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍក្រុងរណបជ្រោយចង្វារ COIC ដែលជាគម្រោងអភិវឌ្ឍដ៏មួយរបស់អ្នកឧកញ៉ា ពុង ឃាវសែ ក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងនាមតំណាងឱ្យសមាគម កន្លងមកអ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានសន្យាថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់ កិច្ចអភិវឌ្ឍន៍ជាតិ និងចូលរួមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យ កាន់ តែមាន ភាពជិតស្និទ្ធ និងរឹងមាំថែមទៀត។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បងប្អូនខ្មែរដែលកាត់ខ្សែស្រលាយចិនដែលមានចំនួនប្រហែល៨០ម៉ឺននាក់ និង បងប្អូនជនជាតិចិនដែលកំពុងធ្វើការវិនិយោគ និងប្រកបមុខរបរនៅកម្ពុជា មានប្រមាណ២០ម៉ឺននាក់ ពួកគេបានខិតខំយ៉ាងសកម្មក្នុងមុខជំនួញរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

ដើម្បីបង្ហាញការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអ្នកវិនិយោគ ពាណិជ្ជករ និងធុរជន ដែលកំពុងរកស៊ីនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បានចូលរួមក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីជាមួយសមាជិក-សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈ មណ្ឌល កោះពេជ្រ ដែលនេះគឺជាជំនួបលើកទី៣ហើយ ខណៈក្រោយមានវិបត្តិកូវីដ១៩ ក៏ខានបានជួប។

ឆ្នាំកន្លងទៅ ក្នុងនាមជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានបាននាំយកថវិកាជាង ៤០ម៉ឺនដុល្លារដើម្បីរួមចំណែកជាមួយរដ្ធាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវជំងឺផ្លូវដង្ហើមកូវីដ-១៩ នេះផង។

ក្នុងឆ្នាំ២០២១ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក៏បានផ្តល់ថវិកាជាង១២ម៉ឺន ដុល្លារអាមេរិក និងប្រាក់រៀលជាង ១៨០០លានរៀល ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី ៣។

ទន្ទឹមនេះ សមាគមក៏បាន ឧបត្ថម្ភប្រាក់ខែ ដល់គ្រូបង្រៀន ក្រីក្រដែលបង្រៀន នៅ សា លាចិន ទូទាំងប្រទេស ផ្តល់មូលនិធិ ដល់ មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន លើកកម្ព ស់ ការអប់រំ ភាសាចិននៅតាមមូលដ្ឋាន និងបណ្តុះបណ្តាលអ្នកជំនាញភាសាចិនផងដែរ។ ក្រៅពីនេះ ទៀត សមាគមបានទាក់ទង យ៉ាងសកម្ម ជាមួយសមាគមពាណិជ្ជកម្ម និងស្ថាប័នវិនិយោគផ្សេងៗ និងបានផ្តល់ការស្វាគមន៍ ចំពោះគណៈប្រតិភូមកពីទូទាំងពិភពលោក ដើម្បីបម្រើ និងដើរតួនាទីជា ស្ពានតភ្ជាប់អ្នកមានខ្សែស្រឡាយចិននៅកម្ពុជា ឱ្យមានទំនាក់ទំនង និងសហប្រតិបត្តិការ ជាមួយ ប្រទេសចិន និងទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែលថា អ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន្តហោះតម្លៃ១,៥ ប៊ីលានដុល្លារអាមេរិក។ បន្ថែមពីលើមុខងារបច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ ក៏ជាប្រធានសមាគមអ្នកសាងសង់កម្ពុជាផងដែរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា៕