រដ្ឋមន្រ្តី​កម្ពុជា-ថៃ គ្រោង​ចុះទៅពិនិត្យច្រកទ្វារ​ស្ទឹងបត់ ខណៈ​សម្រេច​បាន​ជាង ៥០​ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន បាន​រៀបចំកិច្ចប្រជុំ​ពីការត្រៀមរៀបចំដំណើរទស្សនកិច្ចរួមគ្នាថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាន​បញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់​ពីភាគីថៃ បានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាព​​កម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បី​ជួយ​សម្រួល​​បញ្ចៀសចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយ​ការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។

ក្នុង​កិច្ចប្រជុំ ក៏​បាន​បង្ហាញពី​វឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤%។

បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាន​ណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដាក់ឱ្យដំណើរការរួច តំបន់ប៉ោយប៉ែតនឹង​ប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និង​ជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕