ដើម្បីដោះស្រាយដាំកូនឈើឡើងវិញ ឱ្យបានលឿន និងឱ្យទាន់ក្នុងរដូវភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យកម្លាំងអង្គរក្ស១ពាន់នាក់ ទៅធ្វើសកម្មភាពជួយឈូសឆាយដី និងដាំកូនឈើ តំបន់នោះដោយប្រើគ្រឿងចក្រចំនួន១១៣គ្រឿង ដើម្បីធ្វើដីឱ្យបានល្អ និងដាំកូនឈើនៅទីនោះ។ សម្តេចថ្លែងបែបនេះតាមរយៈសារជាសំឡេងនៅយប់ថ្ងៃអង្គារ សីហា ឆ្នាំ២០២២។

សម្តេចតេជោ មានប្រសាសន៍ថា៖ «សម្រាប់ដីដែលដាំកូនឈើ សុទ្ធតែដាំកូនឈើប្រណីតតែម្តង ដែលឥឡូវនេះ សម្តេចបានចេញបទបញ្ជាឱ្យមេបញ្ជាការកងអង្គរក្ស ឱ្យបញ្ជាអ្នកដែលទទួលខុសត្រូវលើការងារដាំដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះទៅជាសួនព្រៃ សួនដាំដើមឈើ ឬចម្ការដាំដើមឈើរ ដែលសុទ្ធតែជាឈើប្រណីត»។
សម្តេចតេជោបន្តថា មិនយូរប៉ុន្មាន នឹងឃើញលទ្ធផលដ៏ល្អប្រសើរ ប៉ុន្តែដើម្បីចៀសវាងនូវការភាន់ច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន សម្តេចតេជោសូមបញ្ជាក់សារជាថ្មីឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ត្រៀមព្រះរាជក្រឹត្យកំណត់និយាមការតំបន់ការពារភ្នំតាម៉ៅនេះ ចេញជាព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា រហូតដល់ល្ងាចថ្ងៃទី១៦ ខែសីហា មានផ្ទៃដីចំនួន៥៣០ហិកតាហើយ ត្រូវបានធ្វើដីរួចរាល់ ប៉ុន្តែក៏ត្រូវការសម្អាតបន្ថែមទៀត ដែលត្រូវការពេលវេលាមួយចំនួនបន្ថែមទៀត៕