និយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ ការជួញដូរភាគហ៊ុនមានជិត៥០ម៉ឺនភាគហ៊ុន និងមានតម្លៃ ១.២៨លានដុល្លារក្នុងមួយថ្ងៃ ដែលតួលេខនេះ គឺកំពុងបង្ហាញពីការវិវឌ្ឍន៍ជាវិជ្ជមាននៃទីផ្សារមូលបត្រកម្ពុជាផងដែរ។
នេះបើតាមលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ថ្លែងក្នុងកម្មវិធីនិយ័តករមូលបត្រកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីពេលថ្មីៗនេះ។
ថ្លែងក្នុងកម្មវិធីនោះ លោក ស៊ូ សុជាតិ បានលើកឡើងថា «ការជួញដូរភាគហ៊ុនក្នុងត្រីមាសទី២ ឆ្នាំ២០២២ មានបរិមាណជាមធ្យម ៤៩៤ ៩៨៨ភាគហ៊ុន ក្នុងតម្លៃជាមធ្យមប្រហែល ១.២៨ លានដុល្លារអាមេរិកក្នុងមួយថ្ងៃទាំងនេះ បង្ហាញពីទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់យើងមានប្រព័ន្ធទ្រទ្រង់ ឬសរសរស្ដម្ភគ្រប់គ្រាន់វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ, អន្តរការីទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងទទួលបានការគាំទ្រ ការចូលរួមយ៉ាងពេញទំហឹង ពីភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះ»។
សូមជម្រាបដែរថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមានក្រុមហ៊ុនចំនួន ៧បានចុះបញ្ជីលក់មូលបត្របំណុល លើផ្សារមូលបត្រកម្ពុជា ខណៈដែលក្រុមហ៊ុនមួយចំនួនទៀត បាននឹងកំពុងរៀបចំដំណើរការ នៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ។
ជាមួយគ្នានេះ បើគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា បានផ្ដល់លេខអត្តសញ្ញាណវិនិយោគិនសរុប ៣២ ៣៧៤ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមាន ៩៩.៥២ភាគរយ និងវិនិយោគិនសញ្ជាតិខ្មែរមាន៨៦.១២ភាគរយ។ ចំណែកទំហំមូលធនូបនីយកម្មទីផ្សារសរុប នៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ១.៨៦ប៊ីលានដុល្លារអាមេរិក។នេះបើតាមការឲ្យដឹងបន្ថែមពីអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាខាងលើ៕