អ្នកជំនាញអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ា ផន វណ្ណិត បានធ្វើការចែករំលែកនៅពាក្យមួយឃ្លាថា៖ «ជីវិតអ្នករៀន មិនមែនដើម្បីសញ្ញាប័ត្រតែមួយមុខទេ គឺត្រូវរៀនដើម្បីចំណេះ ដើម្បីគុណធម៌ ដើម្បីការងារ រៀនដើម្បីសុភមង្គល»។

ពាក្យមួយឃ្លាខាងលើនេះ ឧកញ៉ា ផន វណ្ណិត ហាក់បានជំរុញនិងលើកទឹកចិត្តដល់បណ្តាយុវជនទាំងអស់ ដើម្បីទុកជាយុទ្ធសាស្រ្តក្នុងការរៀនសូត្រ ធ្វើការងាររកស៊ី ពិសេសចង់អភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀត ដើម្បីជាប្រយោជន៍ទៅថ្ងៃអនាគតផងដែរ។
តាមរយៈពាក្យមួយឃ្លាថា «ជីវិតអ្នករៀន មិនមែនដើម្បីសញ្ញាប័ត្រតែមួយមុខទេ គឺត្រូវរៀនដើម្បីចំណេះ ដើម្បីគុណធម៌ ដើម្បីការងារ រៀនដើម្បីសុភមង្គល» ឧកញ៉ា ផន វណ្ណិត បានធ្វើការពន្យល់នៅចំនុច៣សំខាន់ៗយ៉ាងលម្អិតដូចខាងក្រោមនេះថា៖
១.រៀនដើម្បីចេះ៖ ក្នុងនាមជាអ្នករៀន ត្រូវចេះឱ្យប្រាកដ មិនមែនគ្រាន់តែរៀនចោលនោះទេ។ ព្រោះដែលអ្នកបានចេះប្រាកដ គេនឹងត្រូវការអ្នកគ្រប់ពេល ហើយចង់បានអ្នកទៅធ្វើការជាមួយ។ ប្រសិនបើរៀនគ្រាន់តែប្រកួតប្រជែង យកចំណាត់ថ្នាក់ និងសញ្ញាប័ត្រ នោះមិនមែនជាត្រឹមតែជាភាពជោគជ័យនៃអ្នករៀនសូត្រឡើយ។

២.រៀនដើម្បីការងារ៖ រៀនចេះហើយ ត្រូវយកចំណេះនោះមកអនុវត្តឱ្យបាន ធ្វើការងារឱ្យមានប្រសិទ្ធភាព ដើម្បីរកប្រាក់ចំណូលមកចិញ្ចឹមខ្លួនឯងវិញ។ បើគ្រាន់តែចេះ តែធ្វើការងារមិនកើត មិនចេះសម្របខ្លួនក្នុងបរិស្ថានការងារ នោះក៏មិនដឹងថារៀនមានន័យអ្វីដែរ។ ត្រូវរៀនទាំងសមត្ថភាពការងារ (ជំនាញរឹង Hard Skill) និងរៀនទាំងរបៀបធ្វើការ (ជំនាញទន់ Soft Skill)។
៣.រៀនដើម្បីមានសុភមង្គល៖ រៀនចេះហើយ មានការងារធ្វើហើយ សួរខ្លួនឯងទៀត ថាមានសុភមង្គលហើយឬនៅ? ប្រសិនបើមិនទាន់មានសុភមង្គល មិនទាន់រកក្ដីសុខដាក់ខ្លួនបានទេ ត្រូវព្យាយាមរៀនបន្ថែមទៀត ដើម្បីផ្លាស់សកម្មភាព ផ្លាស់ប្ដូរការគិត រហូតជីវិតមានសុភមង្គល។

គួរបញ្ជាក់ដែរថា ឧកញ៉ា ផន វណ្ណិត មិនត្រឹមតែជាអ្នកជំនាញអចលនទ្រព្យ និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍ប៉ុណ្ណោះទេ។ នាពេលកន្លងមក គេក៏ឃើញ ឧកញ៉ា និពន្ធសៀវភៅ ដែលពាក់ព័ន្ធនឹងការបង្កើតផ្នត់គំនិត សហគ្រិនភាព និងគន្លឹះអប់រំចិត្តជាច្រើន ដើម្បីចែករំលែកចំណេះដឹងល្អៗ ដល់សារធារណៈជនកម្ពុជា គឺ«សៀវភៅថ្វីគំនិត»៕ អត្ថបទ៖ រង្សី

