រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់យុវជនដែលបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវពង្រឹងខ្លាំងលើបដិសណ្ឋារកិច្ចល្អ ព្រោះវាជាគុណតម្លៃស្នូលនៃការផ្តល់សេវា។ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សដែលបញ្ចប់ការសិក្សានៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត (WYTHS) កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដម ថោង ខុន បានរំលឹកថា ការផ្អាកអាជីវកម្មនិងការងារដែលបណ្តាលមកពីវិបត្តិកូវីដនេះ បានធ្វើឱ្យខាតបង់នូវជំនាញនិងទេពកោសល្យក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានខិតខំកសាងជាច្រើនឆ្នាំមកហើយ។ អ្នកជំនាញមួយចំនួនបានប្តូរមុខរបរ យុវជនថ្មីៗមានភាពស្ទាក់ស្ទើរក្នុងការចាប់យកជំនាញទេសចរណ៍ អាជីវកម្មដែលកំពុងចាប់ផ្តើមឡើងវិញ ប្រឈមនឹងការខ្វះបុគ្គលិក រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត។
ជាមួយគ្នានេះ ឯកឧត្ដម ក៏បានស្នើដល់អាជីវកម្ម ក៏ដូចជាយុវជនបម្រើការងារក្នុងវិស័យទេសចរណ៍ត្រូវកំណត់យកបដិសណ្ឋារកិច្ចល្អនេះជាគុណតម្លៃស្នូលនៃការផ្តល់សេវា និងបានស្នើឱ្យស្ថាប័នបណ្តុះបណ្តាល និងអាជីវកម្មដាក់ចុះនូវកម្មវិធីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតសម្រាប់ជួយគាំទ្រដល់សិស្សានុសិស្ស ក៏ដូចជាអ្នកបម្រើការងារ។

សូមបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ បានដាក់ចុះនូវយន្តការគាំទ្រ ក៏ដូចជាការអភិវឌ្ឍជំនាញដល់យុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ តាមរយៈការអនុវត្តយន្តការអាស៊ាន និងជាតិរួមគ្នារួចហើយ។ លើសពីនេះ ក្រសួងក៏បានដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលមួយចំនួន ដូចជា ការបណ្តុះបណ្តាលដំបូង (Initial Training) ការបណ្តាលបណ្តាលបន្ត (Continuing Training) កម្មវិធីសមាហរណកម្មជំនាញទេសចរណ៍ កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម កម្មវិធីសិក្សាជំនាញទេសចរណ៍កម្រិតថ្នាក់ទី១០ ទី១១ និងទី១២ ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ការបណ្តុះបណ្តាលចល័ត (Mobile Training) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) ជាដើម។
តាមរយៈយន្តការខាងលើនេះ ក្រសួងរំពឹងថា នឹងជួយបណ្តុះបណ្តាលយុវជនក្នុងវិស័យទេសចរណ៍ ទទួលបានជំនាញស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាស្របតាមកម្មវិធីសិក្សាស្តង់ដាជាតិ និងអាស៊ានផងដែរ៕

