តើលោក សុខ ពុទ្ធិវុធ ធ្លាប់កាន់ដំណែងនឹងកំពុងកាន់តួនាទីអ្វីខ្លះ?

សង្គម​ និង​សេដ្ឋកិច្ច

លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ សារព័ត៌មានឧកញ៉ាញូស៍ សូមដកស្រង់ការងារសំខាន់ៗមួយចំនួន លោក សុខ ពុទ្ធិវុធ ធ្លាប់បានដឹកនាំ និងកំពុងកាន់កាប់ដែលត្រូវបានប្រកាសជាសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ ពុទ្ធិវុធ ធ្លាប់ជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយនៅឆ្នាំ២០១៨ ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ រហូត​ដល់សព្វថ្ងៃ​។ តំណែងថ្មីលោកគឺជាការបន្ថែមលើតំណែងរបស់លោកបច្ចុប្បន្នដែលជា ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ដែលត្រូវបានតែងតាំងកាលពីខែមេសា ឆ្នាំ២០១៨ ក្នុងអាណត្តិទី ៥។

នៅក្នុងវិស័យកសិកម្ម លោកមានតួនាទីដ៏សំខាន់ជំរុញឱ្យវិស័យកសិកម្មបន្តដំណើរទៅមុខ ជាពិសេសវិស័យស្រូវអង្ករតែម្តង។ លោក សុខ ពុទ្ធិវុធ ចូលកាន់ដំណែងជាប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ២អាណត្តិជាប់ៗគ្នា រហូតដល់ឆ្នាំ២០១៩ ត្រូវចប់អាណត្តិ ខណៈដែលឧកញ៉ា សុង សារ៉ន ជ្រើសរើសជាប្រធានក្នុងអាណត្តិទី៣។ បច្ចុប្បន្នលោកជាប្រធានកិត្តិសយសហព័ន្ធស្រូវអង្ករ។

នៅឆ្នាំ២០១៤ លោក សុខ ពុទ្ធិវុធ ត្រូវបាន​ជ្រើស​តាំង​ជា​ប្រធាន​សហព័ន្ធ​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ (ICT Federation) ដែលបង្កើត​ឡើងដោយអតីត​សមាគម​ពីររួម​មាន​៖ សមាគម​ពាណិជ្ជកម្ម ICT និង​សមាគម​ព័ត៌មាន​វិទ្យា​កម្ពុជា។ 

ទន្ទឹមនឹងនោះ លោក សុខ ពុទ្ធិវុធ ក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ហើយជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ខេត្តតាកែវ។

ក្រៅពីនោះ លោក សុខ ពុទ្ធិវុធ ជាអនុប្រធានទី១ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន ក្នុងគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាត់បន្ថយបន្ទុកគ្រួសារក្នុងការបង់ថ្លៃសិក្សាជាដើម៕