នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក ឡូវ សុខសាន អភិបាលស្រុកថ្មី វ័យក្មេង នៃរដ្ឋបាលស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចម្រុះ ចុះដាំដើមឈើ ដើម្បីជាការអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅជុំវិញបរិវេណសាលាអនុវិទ្យាល័យគគីរធំ សាលាបឋមសិក្សាគគីរធំ វត្តចាស់ និងវត្តកោះតេជោ ស្ថិតនៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោក ឡូវ សុខសាន អភិបាលស្រុក បានមានប្រសាសន៍ក្នុងពិធីនោះថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណង និងមានសារៈប្រយោជន៍ជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកអភិបាលស្រុកបន្ថែមថា គ្រប់អាជ្ញាធរភូមិ-ឃុំទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយ សម្រាប់ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទីកន្លែងទាំងអស់ ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

សូមរំឭកផងដែរថា លោក ឡូវ សុខសាន វ័យ៣១ឆ្នាំ បានទទួលការតែងតាំងជាអភិបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ មុនទទួលដំណែងជាអភិបាលស្រុក លោក គឺជាអ្នករកស៊ីវ័យក្មេងម្នាក់ ហើយត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ លោក ឡូវ សុខសាន ត្រូវបានគេដឹងថា ជាកូនប្រសាររបស់ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល (អតីតអភិបាលខេត្តកណ្តាល) ផងដែរ៕




