យុវវ័យខ្មែរ ច្រ​​ឡំថា ទិវាបុ​ណ្យ​នៃ​ក្តីស្រ​ឡាញ់ ជា​ថ្ងៃលះ​​បង់​ខ្លួនប្រា​ណ​ឲ្យម​នុ​ស្សជាទីស្រឡាញ់

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ Valentine’s Day ឬទិវាបុណ្យនៃសេចក្តីស្រឡាញ់ ត្រូវបានគេប្រារព្ធឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ។ ជារៀងរាល់ឆ្នាំ​មនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្ត​របស់​ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ បាច់ផ្កា ឬចំណាយ​ពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្ន ប្រជាជន​ស្ទើរតែទូទាំងពិភពលោក បានប្រារព្ធដូចគ្នា។

ចំណែកនៅក្នុងប្រទេសកម្ពុជា ក៏មានយុវវ័យជាច្រើន កំពុងតែយល់ច្រឡំថា ថ្ងៃ Valenti​ne’s Day គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណ ជូនដល់មនុស្សជា​ទីស្រឡាញ់​របស់ខ្លួនទៅវិញ។

នៅក្នុងប្រទេសកម្ពុជា មានយុវវ័យជាច្រើន កំពុងតែភ្លើតភ្លើន យល់ច្រឡំ នឹងបុណ្យវ​ប្បធម៌​បែប​បច្ចឹមប្រទេសមួយនេះ ដោយអ្នកខ្លះថែមទាំងបាន​ប្រព្រឹត្តិទង្វើខុស​ឆ្គងប្រពៃណីខ្មែរ ដោយសំអាងទៅលើបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែលគួរតែត្រូវធ្វើ សម្រាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់​នេះ លោក​អ្នកគួរតែបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងកូន និងឪពុកម្ដាយ រវាងបងប្អូន រវាងគូសង្សារ រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនាជា ដោយក្នុងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ ចំពោះគ្នា និងគ្នា ខណៈក្ដីស្រឡាញ់ ពុំមានតែមួយថ្ងៃនេះទេ។

Valentine’s Day ឬទិវានៃក្តីស្រឡាញ់ ត្រូវបានគេនិយាយថា មានប្រភពចេញពីលោក Saint Valentine ដែលជាបុរសម្នាក់ហ៊ាន​បង្ហាញ ក្តីស្រឡាញ់ចំពោះគូស្នេហ៍ រហូត​លោកត្រូវគេយកទៅសម្លាប់។

តើលោក Saint Valentine ជាអ្នកណា?

ព្រះវិហារកាតូលិក ទទួលស្គាល់ Valentine ឬ Valentinus ជាអ្នកដែលបូជាជីវិត ដើម្បីសាសនា។ រឿងរ៉ាវមួយលើកឡើងថា Valentine ជាបព្វជិតដែល​បម្រើសាសនា​នៅសតវត្សទី៣ សម័យរ៉ូម។ នៅពេលដែលព្រះចៅចក្រពត្តិ Claudius II សម្រេចថា បុរសនៅលីវទាំងអស់ អាចធ្វើជាទាហាន ល្អជាងបុរសដែលមានប្រពន្ធនោះ លោកក៏​បានដាក់ពិធីរៀបការទាំងឡាយ ឲ្យនៅក្រៅច្បាប់សម្រាប់យុវវ័យទាំងអស់។ Valentine គិតថា វាអយុត្តិធម៌ណាស់ ហើយក៏ប្រឆាំងនឹងច្បាប់នេះ និងបន្តធ្វើការរៀប​ការឲ្យគូ​សេ្នហ៍​ក្មេងៗជាសម្ងាត់។ នៅពេលសកម្មភាព របស់លោកត្រូវបានគេដឹង ព្រះចៅ Claudius ក៏បានបញ្ជាឲ្យសេនា ចាប់លោកដាក់គុកអស់មួយជីវិត តែប្រភព​ខ្លះលើកឡើងថា Valentine ត្រូវបានគេសម្លាប់។

ប្រភពខ្លះទៀត ឲ្យដឹងថា Valentine ជាប់គុក បន្ទាប់ពីពាក់ព័ន្ធដោយ «ក្ដីស្រឡាញ់» ផ្ទាល់ខ្លួន ក្រោយពីលោកបាក់ចិត្តស្រឡាញ់ នារីវ័យក្មេងម្នាក់ ដែលជាកូនស្រី​ឆ្មាំគុកមួយរូប ដែលបានទៅសួរសុខទុក្ខលោក នៅពេលជាប់ក្នុងពន្ធនាគារ។ មុនពេលស្លាប់ គេបានចោទថា លោកសរសេរលិខិតមួយផ្ញើទៅនាងថា «ពីបង Valentine របស់អូន» ជាភស្តុតាងបង្ហាញមួយ​ដែលមនុស្សជាច្រើន យកទៅប្រើ​មកដល់​សព្វថ្ងៃនេះ។ ទោះបីការពិតនៅពីក្រោយរឿងរ៉ាវ របស់ Valentine មានភាព​ស្រពេចស្រពិលក្តី ប៉ុន្តែសុទ្ធតែបានបញ្ជាក់ថា លោកជាវីរបុរស ដែលមាន​មនោ​សញ្ចេតនាស្នេហា ដ៏ជ្រាលជ្រៅបំផុត និងដោយសារ​កេរ្តិ៍ឈ្មោះនេះ​ហើយ ទើប Valentine ក្លាយជាបុគ្គលមួយរូប ដ៏មានប្រជាប្រិយ​នៅប្រទេសបារាំង និងអង់គ្លេស។

កាលដែលទិវានៃក្ដីស្រឡាញ់ ប្រារព្ធក្នុងខែកុម្ភៈ អ្នកខ្លះជឿថា ដើម្បីរំឭកខួបនៃមរ​ណភាព​ភាព របស់ Valentine ក្នុងបំណងធ្វើឲ្យការប្រារព្ធ ពិធីសាសនា Lupercalia ក្លាយជាគ្រិស្តសាសនាផងដែរ។

ទន្ទឹមនឹងនេះ មនុស្សជាច្រើនប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជាមួយអ្នកជាទីស្រឡាញ់ អាចជា​ក្រុមគ្រួសារ គូស្នេហ៍ ឬមិត្តភក្តិ ព្រមទាំងជូនវត្ថុផ្សេងៗ តំណាងទឹកចិត្តរបស់ខ្លួន ចំពោះពួកគេ ដូចជា ការជូនពរ វត្ថុអំណោយបាច់ផ្កា ដែលមានលក្ខណៈជារូបរាង បេះដូង ឬនាំទៅបរិភោគអាហារ នៅទីកន្លែងណាមួយ ដ៏រ៉ូមែនទិក។

ទោះបីយ៉ាងណា Valentine’s Day មិនមែនជាពិធីបុណ្យផ្លូវការរបស់រដ្ឋទេ ប៉ុន្តែជា​ទម្លាប់មិនថា តែប្រជាជននៅប៉ែកអឺរ៉ុបទេ ទូទាំងអាស៊ី និងមនុស្សនៅ​ជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាក៏អាចជាថ្ងៃដ៏វិសេស​សម្រាប់គូស្នេហ៍ ជ្រើសយកធ្វើជាថ្ងៃរៀបការទៀតផង៕