ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺជាបញ្ញវ័នវ័យក្មេង និងជាអ្នកបន្តវេនដ៏មានសក្តានុពលមួយរូបនៅកម្ពុជា។
លោក ស ថេត ទទួលការតែងតាំងជាស្នងការ ជំនួសលោក ជួន សុវណ្ណ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ ខណៈអតីតស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្ត្រី ជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មីវិញជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ក្នុងពិធីប្រកាសចូលកាន់ដំណែង លោក ស ថេត បានប្រកាសប្តេជ្ញាថា លោកគោរព និងអនុវត្តយ៉ាងស្មោះត្រង់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរដ្ឋធម្មនុញ្ញកម្មវិធីនយោបាយចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។ លោកបានសន្យាថានឹងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចធម៌ចំពោះមុខច្បាប់ និងបទប្បញ្ញត្តិផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
លោកថ្លែងថា៖ «ក្រៅពីនេះខ្ញុំសូមប្ដេជ្ញាដែរថា នឹងប្រើកម្លាំងកាយចិត្ត និងគំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជារក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀតឲ្យបានល្អប្រសើរ»។
លោក ស ថេត ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីលោកត្រូវបានផ្ទេរភារកិច្ចពីស្នងការនគរបាលខេត្តបាត់ដំបង។
គួររម្លឹកថា លោក ស ថេត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨០ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៥/១០៤៦ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥៕