កម្ពុជាបន្តបោះជំហានទៅមុខ ខណៈរយៈពេល ៧ខែ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានអនុម័តគម្រោងវិនិយោគលើគម្រោងថ្មី ចំនួន ១១១គម្រោង ដែលមានទំហំទុនវិនិយោគសរុបជាង ៣ពាន់លានដុល្លារ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគថ្មី ១១១គម្រោង ក្នុងនោះចំនួន ២០គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទុនវិនិយោគសរុប ៤៦០លានដុល្លារ និងគម្រោងវិនិយោគចំនួន ៩១គម្រោង ស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជាង ២ពាន់៦រយលានដុល្លារ។
ជាការកត់សម្គាល់ នៅក្នុងរយៈពេល ៧ខែឆ្នាំនេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានរហូត ដល់ ៩៨គម្រោង វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៧គម្រោង។ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៥គម្រោង និងវិស័យទេសចរណ៍ មានតែ ១គម្រោងប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗនេះ គូសបញ្ជាក់ថា ដ្បិតពិភពលោកបាន និងកំពុងប្រែប្រួល និងមានភាពលំបាក ដែលបណ្ដាលមកពីវិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ដូចជា បញ្ហាផ្សេងៗ ប៉ុន្ដែសម្រាប់វិស័យវិនិយោគនៅកម្ពុជា នៅតែមានភាពនឹងន និងទទួលបានឱកាសវិនិយោគ ជាបន្តបន្ទាប់ ពីក្រុមវិនិយោគទាំងក្នុង និងក្រៅស្រុក។
សម្តេចតេជោថ្លែងថា ការវិនិយោគនៅក្នុងប្រទេសកាន់តែដើរតួនាទីយ៉ាងសំខាន់ ពិសេសការវិវត្ត និងភាពរីកចម្រើននៃគម្រោងខុនដូរ និងបុរី ដែលភាគច្រើនសុទ្ធសឹងជាការវិនិយោគនៅក្នុងស្រុក៕