ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ទំនិញកម្ពុជា តែ៤០មុខប៉ុណ្ណោះ ដែលត្រូវបង់ពន្ធ ខណៈ ៩,០០០មុខទៀត អាចបន្តនាំចេញទៅសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ ការប្រកាសនេះ ធ្វើឡើង១ថ្ងៃក្រោយ សហភាពអឺរ៉ុបប្រកាសព្យួរមុខទំនិញរបស់កម្ពុជា មួយចំនួនទៅកាន់ទីផ្សារអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រសួងបានទទួលលិខិតកាលពីថ្ងៃទី ១២ កុម្ភៈ របស់គណៈកម្មការអឺរ៉ុប តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អំពីនីតិវិធីនៃការព្យូរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញមួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វារុធ។
តាមរយៈសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៣ កុម្ភៈ របស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មុខទំនិញចំនួន ៤០មុខនៃបន្ទាត់ពន្ធ៦ខ្ទង់ ដែលផលិតនៅកម្ពុជា ហើយមានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជា មានលទ្ធភាពអាចបង់ពន្ធនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបាន។
ទន្ទឹមនឹងនេះ នៅសល់មុខទំនិញប្រមាណ ៩០០០មុខទៀត នៅតែទទួលបានភាពអនុគ្រោះពីសហភាពអឺរ៉ុប ក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ក្នុងគោលបំណងបន្តជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា តាមនីតិវិធីនៃបទប្បញ្ញត្ថិស្តីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញ ដែលបានស្នើសុំព្យួរសប្បទានពន្ធជាបណ្តោះអាសន្នចំនួន ៤០មុខនេះ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០។
ក្នុងន័យនេះ សហភាពអឺរ៉ុប មានសិទ្ធិជំទាស់ ទៅនឹងសេចក្តីស្នើច្បាប់សុំព្យូរជាបណ្តោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេលវេលា២ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា៕