សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករ ថានឹងកើនឡើង ៥,៣% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញ ទំនិញ និង លំហូរវិនិយោគផ្ទាល់ពីបរទេស។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនាពេលកន្លងទៅ។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ បានបង្ហាញថា ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៨,១% នៅឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ កំណើននេះក៏នឹង ត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
ដោយឡែក ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% នៅឆ្នាំនេះ និង កើនដល់ ៦,៨% ក្នុងឆ្នាំ ២០២៣។
ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទូលំទូលាយ នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការនៃកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។
យ៉ាងណាក៏ដោយ របាយការណ៍នេះក៏អំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។ ព្រោះការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។
ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និង ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹង វិបត្តិនានានៃតម្រូវការក្រៅស្រុកផងដែរ៕