សណ្ឋាគារលំដាប់ផ្កាយ ៥ នៅកម្ពុជាមួយនេះមានអាយុកាល ៩៩ឆ្នាំ ត្រឹមឆ្នាំ២០២២នេះ ដែលកសាងតាំងពីសម័យបារាំងហើយសព្វថ្ងៃសណ្ឋាគារនេះនៅតែរក្សារចនាបថដើមសឹងតែ១០០ភាគរយមកទល់សព្វថ្ងៃ។

សណ្ឋាគារដែលស្ថិតនៅមិនឆ្ងាយពីតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ក្រសួងសេដ្ឋកិច្ច និងសាលារាជធានីភ្នំពេញនោះ គឺសណ្ឋាគារ Raffles Le Royal នៅរាជធានីភ្នំពេញ ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។

Raffles Le Royal ជាសណ្ឋាគារដែលឥស្សរ:ជនល្បីៗនៅលើពិភពលោកជ្រើសជ្រើសរើសសម្រាប់ការស្នាក់នៅរាល់ពេលមកកម្ពុជាទស្សនកិច្ចការទូតផ្លូវការ ធុរកិច្ច និងទេសចរណ៍ជាដើម។ ក្នុងនោះនៅឆ្នាំ១៩៣៦ តារាកំប្លែងជនជាតិអង់គ្លេស Charlie Chaplin(ដែលប្រជាជនកម្ពុជានិយមហៅ លោក សាកឡូ) និងលោកស្រី Paulette Goddard, អ្នកនិពន្ធរឿងជនជាតិអង់គ្លេសលោក William Somerset Maugham, នៅឆ្នាំ១៩៦៦ លោកប្រធានធិបតេយ្យបារាំង ហ្សាល ដឺហ្គូល(Charles de Gaulle), នៅឆ្នាំ១៩៦៧ ស្ត្រីទី១អាមេរិកលោកស្រី Jacqueline Kennedyដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy, អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះជនជាតិបារាំងលោក Andre Malraux។

ជាងនេះទៅទៀត កាលពីអំឡុងឆ្នាំ២០១២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ប៉ារ៉ាក់ អូប៉ាមា ក៏បានមកស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥នេះដែរ គឺកាលនៅឆ្នាំ២០១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រជុំកិច្ចកំពូលអាស៊ាន។
គួររម្លឹកថា សណ្ឋាគារ Raffles Le Royal កសាងឡើងនៅអំឡុង ១៩២៣-២៤ មាន៥៤បន្ទប់ ដោយស្ថាបត្យករជនជាតិបារាំងលោក Ernest Hebrard និងត្រូវបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ១៩២៩ ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស៕



