មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងពិចារណាអនុញ្ញាតឲ្យ លោកស្រី អ៊ុងសាន ស៊ូជី ផ្ទេរពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះវិញ បន្ទាប់ពីសាលក្រមក្នុងសំណុំរឿងមួយចំនួនប្រឆាំងនឹងលោកស្រី ត្រូវបានបញ្ចប់។ នេះបើតាមសារព័ត៌មាន Straits Times ចុះផ្សាយ។
ក្នុងសេចក្តីថថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាននិយាយថា៖ “ខ្ញុំនឹងពិចារណាលើបញ្ហានេះបន្ទាប់ពីសាលក្រមត្រូវបានបញ្ចប់។ យើងមិនបានដាក់ការចោទប្រកាន់ខ្លាំងលើលោកស្រីទេ ផ្ទុយទៅវិញយើងបានបង្ហាញការអាណិតអាសូរ ទោះបីជាយើងអាចធ្វើបានច្រើនជាងនេះក៏ដោយ”។
ការដែលលោក អ៊ុងឡាំង ពិចារណាផ្ទេរលោកស្រី អ៊ុងសាន ស៊ូជី ពីពន្ធនាគារទៅនៅផ្ទះលោកស្រី ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ដែលបានស្នើសុំឲ្យលោកស្រី ស៊ូជី អនុញ្ញាតត្រឡប់ទៅផ្ទះវិញ។
ចាប់តាំងពីរដ្ឋប្រហារមក លោកស្រី អ៊ុងសាន ស៊ូជី បានរងការចោទប្រកាន់ពីបទល្មើសយ៉ាងតិច ១៨ ចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភការបោះឆ្នោត ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំរួចមកហើយ។
ទោះបីជាយ៉ាងណាក្តី លោកស្រីបានហៅការចោទប្រកាន់ទាំងនេះថាមិនសមហេតុផល ហើយបដិសេធរាល់ការចោទប្រកាន់លើលោកស្រី។
គួរបញ្ជាក់ថា លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះជាលើកដំបូងនៅឆ្នាំ១៩៨៩ បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការគ្រប់គ្រងដោយយោធាអស់រយៈពេលជាច្រើនទសវត្សរ៍។ នៅឆ្នាំ១៩៩១ លោកស្រីបានឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការធ្វើយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយត្រូវបានដោះលែងទាំងស្រុងពីការឃុំខ្លួនក្នុងផ្ទះនៅឆ្នាំ២០១០៕