ក្នុងនាមជាបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ឧត្តមសេនីយ៍ឯកផ្កាយ ៣ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា លោកអាចរៀបចំ និងតាក់តែងគោលនយោបាយសេដ្ឋកិច្ចជាតិដើម្បីជំរុញការរីកចម្រើនរបស់ជាតិបាន តែលោកសារភាពថា មិនចេះយកអំណាចជារបររកស៊ី ឬរត់ការរកស៊ីឱ្យអ្នកណានោះទេ។
ការថ្លែងអះអាងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
លោកបន្តថា លោកមិនដែលរត់ការរកស៊ីឱ្យអ្នកជំនួញណាម្នាក់នោះទេ ហើយកាន់តែមិនចេះថែមទៀតក្នុងការយកអំណាចដើម្បីជារបររកស៊ី។
ផ្ទុយទៅវិញ លោកបញ្ជាក់ថា រឿងរត់ការសុំដីឱ្យកងទ័ព រត់ការសុំដីឱ្យអតីតយុទ្ធជន រត់ការសុំគេឱ្យជួយសង់ផ្ទះឱ្យអតីតយុទ្ធជន លោកធ្វើ ហើយធ្វើបានច្រើនទៀត។
មានអាយុ ៤៤ឆ្នាំ ឧត្តមសេនីយ៍ឯកផ្កាយ ៣ ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បង នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន ដែលជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីវ័យក្មេងខាងគណបក្សប្រជាជនកម្ពុជា។ លោក ម៉ាណែត ជាកូនខ្មែរដំបូងដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។
ក្រៅពីមុខជំនាញទាំងពីរនេះ លោកក៏ធ្លាប់បានផ្ញើលិខិតមកពិគ្រោះយោបល់អំពីការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយសំបុត្រ ត្រូវបានបង្ហាញជាសាធារណៈកាលពីកន្លងទៅដោយសម្តេចនាយករដ្ឋមន្រ្តី។
លោកបានសរសេរប្រាប់ឪពុករបស់ខ្លួនថា សូមកុំឱ្យប្រាប់នរណាឱ្យដឹងឱ្យសោះ ព្រោះវាជាការសម្ងាត់របស់ខ្លួន ពីរឿងការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ ដោយលោកសរសេរក្នុងសំបុត្របញ្ជាក់ថា អ្នកដែលមានឥទ្ធិពលនៅក្នុងសង្គម ត្រូវមានគ្រឹះខាងទាហាន សេដ្ឋកិច្ច និងនយោបាយជាចាំបាច់៕