ស្នងការខេត្ត និងមន្រ្តីនគរបាល ៧រូប ឡើងមកកាន់អគ្គស្នងការរង និងផ្លាស់ប្តូរនាយកដ្ឋាន

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តែងតាំងនាយនគរបាលជាន់ខ្ពស់ ចំនួន៥រូប ជាអគ្គស្នងការរងនគរបាលជាតិ និងផ្លាស់ប្ដូរប្រធាននាយកដ្ឋានចំនួន២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា។

មន្រ្តីនគរបាលជាន់ខ្ពស់ ដែលត្រូវតែងតាំងជាស្នងការរងនគរបាលជាតិ រួមមាន៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ពីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទៅជាអគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ជា ពៅ ពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ដោយឡែក ឧត្តមសេនីយ៍ទោ លន់ សុផាត ពីស្នងការនគរបាលខេត្តក្រចេះ ក៏ត្រូវផ្ទេរមកជាអគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ទោ កឹង ឃន ពីស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ទន្ទឹមនឹងនោះ ឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ត្រូវផ្លាស់ប្ដូរពីអនុប្រធាននាយកដ្ឋានបុគ្គលិក ទៅជាអគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ទោ ស៉ឹម ផាណុំ ពីស្នងការរងនគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ចំណែក ឧត្តមសេនីយ៍ទោ សុខ នីត្យា ពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ផងដែរ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព