លោកស្រី សូ ស្រីពៅ ដែលជាពិធីការិនីនៅស្ថានីយទូរទស្សន៍ CNC បានទទួលការតែងតាំងជា «អនុរដ្ឋលេខាធិការ» នៃក្រសួងរ៉ែ និងថាមពល។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២២/៩២១ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

លោកស្រី សូ ស្រីពៅ តែងបង្ហាញមុខញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍ CNC ជាពិសេសកាលឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃ និងកម្មវិធីមួយចំនួនទៀត។ តួនាទីថ្មីនេះ មានន័យថា លោកជំទាវ សូ ស្រីពៅ នឹងត្រូវជួយការងារមួយចំនួនតាមការចាត់តាំងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។


ក្រសួងរ៉ែ និងថាមពល ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដោយមានអគ្គនាយកដ្ឋានធំៗចំនួន៤គឺ អគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកដ្ឋានធនធានរ៉ែ អគ្គនាយកដ្ឋានថាមពល និងអគ្គនាយកដ្ឋានប្រេងកាត ប៉ុន្តែក្នុងនោះក៏មានអង្គភាពចំនួនទៀតក្រោមឱវាទដូចជា នាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្ឋាន និងមន្ទីររ៉ែនិងថាមពល បណ្តារាជធានី-ខេត្ត៕