លោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃចន្ទ ទី២២ សីហានេះ ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការពហុភាគី។
ទន្ទឹមនឹងនោះ វៀតណាម ក៏បានសម្ដែងនូវការកោតសរសើរពីសមត្ថភាពទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ និងគាំទ្រគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន នឹងបើកកិច្ចប្រជុំដោយផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យកន្លងមក។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ របស់លោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស។
សម្តេចតេជោ គូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ ក្នុងន័យនេះ ឈរលើមូលដ្ឋានដែលមានស្រាប់គប្បីណាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ៕