ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត។ រាជធានីមួយនេះមានការការកែសម្រួលដែនដីព្រំប្រទល់ជាបន្តបន្ទាប់ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត និងស្របតាមកំណើនប្រជាសាស្រ្តនិងការអភិវឌ្ឍសង្គម។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការកែសម្រួលដែនដីនៅរាជធានីភ្នំពេញមានជាច្រើនដំណាក់កាលដូចជា៖
• លើកទី១ គឺការបញ្ចូលស្រុកដង្កោ
• លើកទី២ ការបង្កើតខណ្ឌឫស្សីកែវ
• លើកទី៣ ការបញ្ចូល៤ភូមិ របស់ឃុំកន្ទោក មកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ
• លើក ទី៤ ការបញ្ចូល ២០ ឃុំ របស់ស្រុក៥ (ពញាព្ញ, មុខកំពូល, កៀនស្វាយ, កណ្តាលស្ទឹង, អង្គស្នួល) នៃខេត្តកណ្តាល មកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ។
ដោយឡែកលើកចុងក្រោយនៅឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានប្រកាសកាត់យកភូមិចំនួន៥ ពីក្រុងតាខ្មៅ ខេត្តកណ្តាល មកដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ភូមិទាំង៥នោះរួមមាន៖ ១. ភូមិស្ទឹងជ្រៅ និង២. ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ៣. ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី, ៤. ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និង ៥. ភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលផ្ទៃដីសរុបទំហំ ៣០២ ហិកតា ៩៣៩១ ម៉ែត្រការ៉េ។
ការសម្រួលព្រំប្រទល់ខាងលើនេះ គឺដើម្បីដោះស្រាយផលប៉ះពាល់ និងជួយសម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាការជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈ ព្រមទាំងងាយស្រួលក្នុងការចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (សម្រាប់ជូនវត្ត) ផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កាត់យកផ្ទៃដីទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលវិញផងដែរ។
បើយោងតាមអនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥ ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។
រាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាដែលជាតំបន់ប្រមូលផ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលជាប្រភពទាក់ទាញស្រូបយកការធ្វើចំណាកស្រុកពីបណ្ដាខេត្តផ្សេងៗ ដង់ស៊ីតេប្រជាជនបានកើនដល់ទៅ ៣ ៣៦១ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខណៈរាជធានីមួយនេះ មានប្រជាជន ២.២៨ លាននាក់។
បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះផ្ទៃដីទីក្រុងភ្នំពេញ គឺមានចំនួន ៣០០គីឡូម៉ែត្រការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ។ ការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ បានរួមចំណែកធ្វើឲ្យមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ដែលបានលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ ខណៈដីធ្លីមានការហក់ឡើង៕