នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ឋ ធ្វើការដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ លើសពីសិទ្ធិបញ្ចេញមតិ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី ២៣ សីហានេះ បានប្រាប់ទៅលោក ខៀវ កា ញា រី ទ្ធ ត្រូវចាត់វិធានការទៅអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកហូតអាជ្ញាបណ្ណតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែមិនបានផ្ដល់សិទ្ធិជេរប្រមាថអ្នកដទៃឡើយ។
ការព្រមានបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល ប្រហែលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សិទ្ធិសារព័ត៌មាន ធ្វើការអធិប្បាយបកស្រាយ ជេរប្រមាថគ្នាលើបណ្ដាញសង្គមហ្វេសប៊ុក។ ទន្ទឹមនឹងនោះ ក៏អ្នកសារព័ត៌មានមួយចំនួនទៀត ត្រូវបានប្រភពប្តឹងផ្តល់ដោយចោទពីការប្រហារកេរ្តិ៍ជាសាធារណៈជាដើម។
កន្លងមក ក្រសួងព័ត៌មាន ក៏បានសម្រេចដកហូត និងព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មានមួយចំនួនរួចមកហើយដែរ៕