ក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម ក្នុងឆ្នាំ២០២១កន្លងទៅផលិតជ័រកៅស៊ូបានចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ ក្រុមហ៊ុនមានក្តីសង្ឃឹមថានឹងសម្រេចបានចំនួន ១៤០ ០០០ តោន។ នេះបើតាមលោក Le Thanh Hung អគ្គនាយកក្រុមហ៊ុន VRG ក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅថ្ងៃអង្គារ ទី២៣សីហា ឆ្នាំ២០២២។
ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នៅកម្ពុជាសម្រេចលទ្ធផលជាវិជ្ជមាន លោក វេង សាខុន គូសបញ្ជាក់ថា បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជា ក្នុងការរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ។
បើតាមលោករដ្ឋមន្រ្តី ក្រុមហ៊ុនក៏បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ លោករដ្ឋមន្រ្តី មានក្តីសង្ឃឹមថា សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ។
សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ១,៥៩៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៤២ដុល្លារ ក្នុងមួយតោន ស្មើនឹង០.៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
គួររម្លឹកបន្តិចថា នៅឆ្នាំ២០២១កន្លងទៅ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕