ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំដោយផ្ទាល់ ដែលមានមុខងារជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដើម្បីដឹកនាំបេសកកម្ម និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើនជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។
ក្រសួងសេដ្ឋកិច្ច មានតួនាទីដ៏ចម្បងមួយគឺ ការបង្កើតគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិទាំងមូល។ តួនាទីមួយនេះក៏រួមបញ្ចូលនូវ ការរៀបចំផែនការចំណូល ចំណាយរដ្ឋ និងការបង្កើតឡើងនូវបទបញ្ញត្តិនានាសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិទាំងមូល ដូចជា ស្ថាប័នហិរញ្ញវត្ថុ ទីផ្សារហិញ្ញវត្ថុ ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបំពេញមុខងារជាបេឡាករ និងគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីរៀបចំគោលការណ៍ និងបទបញ្ជាគណនេយ្យករសាធារណៈ។
មិនត្រឹមតែបង្កើត និងអនុវត្តគោលនយោបាយប៉ុណ្ណោះទេ ក្រសួងក៏មានតួនាទីកែសម្រួលការអនុវត្តុប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ឧទាហរណ៍ ករណីមាន អតិផរណា ឬបដិផរណា ឬនៅពេលមានវិបត្តិសេដ្ឋកិច្ចណាមួយ ដែលតម្រូវឲ្យមានការអន្តរាគម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ថែមពីលើនេះ ក្រសួងសេដ្ឋកិច្ច ក៏មានតួនាទីក្នុងការវិភាគ និងតាមដានស្ថានភាពសេដ្ឋកិច្ចទាំងមូលទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយតាមដានពីស្ថានភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុជាតិ ឈ្វេងយល់ពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។
បន្ថែមពីនេះទៀត ក្រសួងសេដ្ឋកិច្ច បានចូលរួមក្នុងការបែងចែកនូវផលទុនជាតិ តាមរយៈការប្រមូលចំណូល បែកចែកចំណាយ ដោយត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋជាដើម។
បេសកកម្ម និងមុខងារភារកិច្ចទាំងអស់បានធ្វើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអនុវត្តការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយចូលរួមដោយពេញសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រលើកិច្ចការសហប្រតិបត្តិការទាំងជាតិ និងអន្ដរជាតិ៕