ធនាគារជាតិ ព្រមានចាត់វិធានការចំពោះគ្រឹះស្ថានពាណិជ្ជណារក្សាលិខិតច្បាប់ដើមអតិថិជន

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានក្រើនរំឭកនិងហាមជាដាច់ខាតក្នុងការរក្សាទុកអត្តសញ្ញាណបុគ្គលដែលជាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ធ្វើជាវត្ថុធានា និងព្រមានចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ជាធរមាន ចំពោះគ្រឹះស្ថានដែលប្រព្រឹត្តិល្មើស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា បើគ្រឹះស្ថាន​ពាណិជ្ជនៅតែបន្ត​យក​អត្តសញ្ញាណប័ណ្ណ​របស់​អតិថិជនជាទ្រព្យបញ្ចាំ​ នឹងត្រូវប្រឈមមុខ​​នឹង​ទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូចជា ការពិន័យជាប្រាក់ជាដើម។

លោកបន្តទៀតថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារធនាគារជាតិនៃកម្ពុជា គឺហាមដាច់ខាតក្នុងការរក្សាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ដូចជា អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅសម្រាប់ធានាលើការផ្តល់ឥណទាន ព្រោះលិខិតយថាភូតទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់អត្តសញ្ញាណ​បុគ្គល និងស្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ការធានាលើឥណទាន ឬ គោលបំណងផ្សេងទៀតនោះទេ ។ ដូចនេះបើគ្រឹះស្ថានណានៅតែបន្តរក្សាទុកលិខិតយថាភូតច្បាប់ដើមរបស់អតិថិជនត្រូវ​ប្រគល់ឲ្យអតិថិជនវិញជាបន្ទាន់។

ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីជៀសវាងការកេងប្រវ័ញ្ច ឆបោកពីជនល្មើស និងការឃោសនាមិនសមហេតុផលពីជនមួយចំនួនដែលមានចេតនាបំផ្លាញការរីកចម្រើនរបស់វិស័យទាំងមូល។

លោក ជា ចាន់តូ បានគូសបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់គ្រប់គ្រឹះស្ថាន​ត្រូវ​អនុវត្ត​តាម​ឲ្យ​មាន​ប្រសិទ្ធភាពខ្ពស់​តាម​គោលការណ៍​ផ្ដល់​ឥណ​ទាន​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បីឲ្យទទួលបានផលប្រយោជន៍ទាំងសងខាងទាំងអ្នកប្រើប្រាស់ អ្នកផ្ដល់ឥណទាន៕