លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅឆមាសទី១ ពោលចាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់ប្រមាណ២,០០០គម្រោង លើផ្ទៃក្រឡាសំណង់សរុបទាំងអស់ ប្រមាណជា២.៨លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគ១,២០៦លានដុល្លារ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅថ្ងៃទី២៤ ខែសីហានេះ លោក លី រស្មី គូសបញ្ជាក់ថា ប្រទេសដែលដើរតួនាទីធំជាងគេ នៅក្នុងការវិនិយោគ ក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ទី១៖ ប្រទេសចិន ទី២៖ កូរ៉េខាងត្បូង ទី៣៖ ជប៉ុន បន្ទាប់មកប្រទេសថៃ។
បើតាមលោក លី រស្មី ស្ថិតនៅក្នុងបរិបទនៃប្រទេសជាតិ ដែលបានទទួលនូវស្ថិរភាពនយោបាយសន្តិសុខសង្គម ធ្វើឲ្យមានការអភិវឌ្ឍលើវិស័យសំណង់នេះ គួរឲ្យកត់សម្គាល់ ហើយវិស័យនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់រួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន នៃការអភិវឌ្ឍសង្គម ដោយបង្កើតនូវការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ។
លោកបន្ថែមទៀតថា វិស័យនេះ ក៏បានបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិផងដែរ ទាក់ទងជាមួយនឹងសេវាកម្មសង្គម ហើយក៏បានចូលយ៉ាងសកម្ម នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងការវិនិយោគ ទៅលើវិស័យសំណង់៕