នៅត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានប្រមាណជាង ២ពាន់២រយលានដុល្លារអាមេរិក ស្មើនឹងជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពេលប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២បង្ហាញភាពល្អប្រសើរច្រើន ខណៈការចំណាយតិចជាងមុន និងចំណូលកើនឡើង។ ដោយសម្តេច បានបញ្ជាក់ដូច្នេះថា«សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ល្អប្រសើរច្រើន គឺឆ្លុះបញ្ចាំងតាមរយៈការចំណាយរបស់កម្ពុជាមិនសូវប៉ោងឡើងច្រើនដូចមុនពិសេសការចំណាយលើការប្រយុទ្ធប្រឆាំងកូវីដ១៩តែម្ដង ខណៈដែលសកម្មភាពមមាញឹកនៃសេដ្ឋកិច្ចរបស់កម្ពុជា ក៏បានធ្វើឲ្យប្រាក់ចំណូលជាតិមានការកើនឡើងខ្ពស់ជាងឆ្នាំមុនផងដែរ»។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរយៈពេល ៧ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានប្រមាណជាង ២ពាន់២រយលានដុល្លារអាមេរិក ស្មើនឹងជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ការប្រមូលចំណូលមានការកើនឡើងជិត ៥រយលានដុល្លារ ស្មើនឹងកំណើនជិត ៣០%។ ដោយឡែក ចំណូលគយ នៅឆមាសទី១ឆ្នាំនេះ ប្រមូលបានជិត១ពាន់៣រយលានដុល្លារ។
ទន្ទឹមនឹងរបាយការណ៍ខាងលើនេះ សម្តេច ក៏បានបង្ហាញនូវសុទិដ្ឋិនិយមទៀតថា ក្រោយពេលកូវីដ១៩ធូរស្បើយ ការប្រមូលចំណូលនៅឆ្នាំ២០២២ នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២១ ដោយសារសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពប្រសើរឡើង៕