រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់សម្ភារបរិក្ខារពេទ្យដល់កម្ពុជា រួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ឬ Covid-19 ប្រភេទថ្មី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការផ្តល់សម្ភារបរិក្ខារទាំងនេះ ក្នុងសន្និធិ ASEF ដល់ព្រះរាជាណាចក្រកម្ពុជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក។ សម្ភារទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន។
ស្ថានទូតជប៉ុនបានបន្ដថា សម្ភារទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសិង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។
ជប៉ុន បានសង្កត់ធ្ងន់ថា ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិនេះគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ លើសពីនេះទៀត ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសិង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម៕