គិតចាប់ពីផ្តើមអនុវត្ត មកដល់ត្រឹមឆ្នាំ២០២២នេះ ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៦ ៥៨៤ ៥៧៨ ប័ណ្ណ ស្មើ ៩៤,០៦% នៃក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។ នេះបើតាមការលើកឡើងរបស់លោក ថេង ច័ន្ទសង្វារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសន្និសីទនោះ លោក បានឲ្យដឹងថា ការងាររដ្ឋបាលដីធ្លី គឺបានដើរតួយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីដីធ្លី ការទប់ស្កាត់ និងការដោះស្រាយវិវាទដីធ្លី ដើម្បីធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី និងទាញយកផលប្រយោជន៍ពីការប្រើប្រាស់ដី គិតចាប់ពីឆ្នាំ២០១៨ មក ក្រសួងសម្រេចបាននូវការផ្តល់សេវាជូនប្រជាពលរដ្ឋរួមមាន៖
ការចុះបញ្ជីលើកដំបូង៖ សម្រេចបាន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើ ២៤,១៦% ក្នុងនោះចុះបញ្ជី ដីមានលក្ខណៈជាប្រព័ន្ធបាន ១ ៦៧៩ ៧៥៨ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ១១ ៧៣១ ក្បាលដី។ ក្នុងនោះ បើគិតចាប់ពីផ្តើមអនុវត្ត មកត្រឹមឆ្នាំ២០២២នេះ ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៦ ៥៨៤ ៥៧៨ ប័ណ្ណ ស្មើ ៩៤,០៦% នៃក្បាលដីប៉ាន់ស្មានសរុប ៧លាន ក្បាលដី។
ជាងនេះទៀត លោកបានឲ្យដឹងដែរថា ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ៖ គិតពីចាប់ផ្តើមអនុវត្តដល់ឆមាសទី១ ឆ្នាំ ២០២២ ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ សម្រេចបាន ៤៩ ៨៧៥ ប័ណ្ណ ក្នុង នោះ នៅរាជធានីភ្នំពេញ ៤៣ ៣៧៦ ប័ណ្ណ ខេត្តព្រះសីហនុ ៦ ៤៨៦ ប័ណ្ណ និងខេត្តសៀមរាប ១៣ ប័ណ្ណ និងបានចុះបញ្ជីផ្ទេរសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិបាន ១១ ៨៦៦ ប័ណ្ណ ក្នុងនោះ ជនជាតិខ្មែរចំនួន ២ ៨៦៨ ប័ណ្ណ ជនបរទេសចំនួន ៨ ៥៨៧ប័ណ្ណ និងក្រុមហ៊ុនចំនួន ៤១១ ប័ណ្ណ។
គួរបញ្ជាក់ដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្តេជ្ញាបញ្ចប់កិច្ចការចុះបញ្ចីដីធ្លីឲ្យបាន១០០%នាពេលឆាប់ខាងមុខនេះផងដែរ។ នេះបើយោងតាមជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយម្ម និងសំណង់ខាងលើ៕ អត្ថបទ៖ រង្សី