អគ្គនាយកដ្ឋានពន្ធដារ បានជំរុញនិងលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទិញ-លក់ស៊ីម៉ង់ត៍ ដែលពុំទាន់ចុះបញ្ជីពន្ធដារ មកចុះបញ្ជីស្របច្បាប់ ដើម្បីធានាប្រកួតប្រជែងស្មើភាពក្នុងធុរកិច្ច។
លោក កន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងជំនួបពិភាក្សាការងារជាមួយសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា កាលពីពេលថ្មីៗនេះ បានជំរុញឲ្យសហគ្រាសដែលមានអាជីវកម្មទិញ-លក់ស៊ីម៉ង់ត៍ ដែលពុំទាន់បានចុះបញ្ជីពន្ធដារ ត្រូវមកចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
លោកថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តកិច្ចសហការល្អជាមួយសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ក្នុងការជួយសម្របសម្រួល បណ្តុះបណ្តាល និងឆ្លើយតបនឹងសំណើផ្សេងៗ ដើម្បីលើកកម្ពស់នូវអនុលោមភាពសារពើពន្ធ ឲ្យបានកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោក ក៏បានវាយតម្លៃខ្ពស់ ចំពោះសហគ្រាសទិញ-លក់ស៊ីម៉ងត៍ ដែលបានចុះបញ្ជីពន្ធដារជោគជ័យ ហើយបាននិងកំពុងបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិ ព្រមទាំងសហការល្អជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការលើកកម្ពស់ការប្រមូលចំណូលសារពើពន្ធ ដើម្បីរួមចំណែកក្នុងការបង្កើនចំណូលជាតិផងដែរ។
គូសបញ្ជាក់ថា គិតមកទល់ពេលនេះ មានរោងចក្រផលិតស៉ីម៉ង់ត៍ចំនួន៥ហើយ ដែលកំពុងដំណើរការនៅកម្ពុជា។ ក្នុងមួយឆ្នាំរោងចក្រផលិតស៊ីម៉ងត៍ទាំង៥នេះ អាចផលិតស៊ីម៉ងត៍បាន៩លានតោន ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអារកប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។នេះបើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ រង្សី