ក្រុមហ៊ុនជប៉ុន Minebea គ្រោងបោះទុនវិនិយោគប្រមាណ ៤៥លានដុល្លារអាមេរិក ក្នុងការបង្កើតថាមពលកកើតឡើងវិញ ក្នុងអនុភាព៥០មេហ្គាវ៉ាត់ ដោយប្រើពន្លឺព្រះអាទិត្យ។ នេះបើតាមជំនួបពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី នាយកគ្រប់គ្រងក្រុមហ៊ុន Minebea (Cambodia) Co., LTD. នៅថ្ងៃទី២៥ សីហានេះ។
គម្រោងមានតម្លៃ ៤៥លានដុល្លារនេះ សម្រាប់គាំទ្រដល់ការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យផ្សេងៗរបស់ក្រុមហ៊ុននៅកម្ពុជា និងការផ្តល់ទៅអគ្គិសនីកម្ពុជា សម្រាប់ធ្វើការចែកចាយ។
លោក សាកានុស៊ី លើកឡើងថា ក្រុមហ៊ុន Minebea ងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុនដែលជាដៃគូ ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនToyota ជាដើម គិតគូរដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាព ក្នុងការបង្កើតនូវថាមពលកកើតឡើងវិញ ដោយថាមពលពន្លឺព្រះអាទិត្យ ដែលតម្រូវឲ្យមានទីតាំងមួយសម្រាប់ការដាក់ Sola Panel នេះ និងការបង្កើត Sola Farm មួយ ក្នុងគម្រោងបង្កើតថាមពលកម្រិត៥០មេហ្កាវ៉ាត់ ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៤៥លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា គម្រោងនេះ គឺសម្រាប់គាំទ្រដល់ការវិនិយោគលើវិស័យផ្សេងៗ និងគាំទ្រទៅដល់ដៃគូរវិនិយោគ និងដើម្បីចូលរួមចំណែកនៃការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា ស្របតាមអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយក្នុងនោះ ចំពោះថាមពលដែលនៅសេសសល់ ក្រុមហ៊ុននឹងការផ្តល់ជូនទៅអគ្គិសនីកម្ពុជា សម្រាប់ការចែកចាយផងដែរ៕