សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ អត្រាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានបន្តធ្លាក់ចុះមកត្រឹម៧៤ករណី ពោលគឺថយចុះចំនួន១២៤ករណីបើធៀបនឹងឆ្នាំ២០២១កន្លងទៅ។

ក្នុងនោះ អាជ្ញាធរក៏បានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ហើយជនសង្ស័យជាជនបរទេសមានចំនួន១២នាក់ ដែលមាន ៤សញ្ជាតិ។ បន្ថែមពីនេះ សមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះចំនួន ១៥៦នាក់ ក្នុងនោះ ក្មេងស្រីអាយុក្រោម១៥ឆ្នាំ មានចំនួន ៦០នាក់៕
