អ្នកជំនាញពន្យល់ពីបញ្ហាអតិផរណាកើនឡើង ដែលជាក្តីព្រួយបារម្ភរបស់វិនិយោគិន

សង្គម​ និង​សេដ្ឋកិច្ច

វិនិយោគិនជប៉ុនមួយចំនួនបានបង្ហាញនូវការព្រួយបារម្ភពីបញ្ហាអតិផរណាដែលកំពុងមានការកើនឡើងធ្វើឱ្យប៉ះពាល់ដល់សកម្មភាពនៃការវិនិយោគនៅប្រទេសកម្ពុជារបស់ពួកគេ។ ក្តីបារម្ភនេះត្រូវបានលើកឡើងក្នុងវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហានេះ ដើម្បីលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិ​នៃ​កម្ពុជា​ ឱ្យ​ដឹង​ថា អតិផរណា​បាន​កើនឡើង​ដល់​ទៅ ៧,២ ភាគរយ ដែល​ជា​ការ​កើនឡើង​មួយ​ខ្ពស់​មិន​ធ្លាប់​មាន​។ ការ​កើនឡើង​អតិថរណា ធនាគារជាតិគូសបញ្ជាក់ថាបណ្ដាល​មកពី​វិបត្តិ​សង្គ្រាម​រវាង​រុស្សី​និង​អ៊ុយក្រែន ដែល​ជះឥទ្ធិពល​លើ​តម្លៃ​ប្រេង​ឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក​។

នៅចំពោះមុខអតិផរណា មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងជាសាធារណៈក្នុងសន្និសីទកាសែតនៅថ្ងៃទី២ ខែកក្កដាថា រដ្ឋាភិបាលត្រៀមបញ្ចេញកញ្ចប់ថវិកាដោះស្រាយបញ្ហានេះ។ គម្រោងនៃការបញ្ចេញកញ្ចប់ថវិកាដោះស្រាយបញ្ហាអតិផរណា ស្ថិតក្នុងកញ្ចប់តែមួយនៃការផ្ដល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រនៅក្នុងបរិបទកូវីដ១៩។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គូសបញ្ជាក់ថា អន្តរាគមន៍នេះធ្វើឡើងនៅក្នុងបរិបទកម្ពុជាប្រឈមនឹងរលកឆ្លងទីពីរនៃជំងឺកូវីដ១៩ ដែលជះឥទ្ធិលពលខ្លាំងដល់អតិផរណារបស់ប្រជាជនក្រីក្រ។

ជុំបញ្ហាព្រួយបារម្ភពីរឿងអតិផរណាកើនឡើងនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក្នុងវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហានេះ បានពន្យល់ថា អតិផរណាឆ្នាំនេះមានត្រឹមតែ ៥ ឬខែខ្លះជាង ៩ ភាគរយ តែមិនខ្ពស់ដូចឆ្នាំ២០០៨ ដែលមានរហូតដល់ទៅ ១៨,៧៥ភាគរយនោះទេ។ ប៉ុន្តែពេលនោះរាជរដ្ឋាភិបាលបានដោះស្រាយបានយ៉ាងល្អ។

លោកថា បញ្ហាអតិផរណានេះគឺបណ្តាលមកពីតម្លៃប្រេងឡើងថ្លៃដែលធ្វើឱ្យការដឹកជញ្ជួន ការផលិត និងទំនិញបានឡើងថ្លៃ ដែលបញ្ហានេះបណ្តាលមកពីកក្តាខាងក្រៅ។ ប៉ុន្តែនៅពេលដែលប្រេងចុះថ្លៃ អតិផរណាក៏ចុះតាមនឹងដែរ។

របាយការណ៍​ធនាគារ​ជជាតិនៃកម្ពុជា​ឱ្យ​ដឹង​ថា កំណើន​អតិផរណា​នេះ​កើតឡើង​ស្របពេល​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក​កំពុង​ជួប​បញ្ហា​នេះ​ដែរ។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា បណ្ឌិត គី សេរី​វឌ្ឍ បានឲ្យដឹងដែរថា ចំពោះ​ការ​​កើនឡើង​នៃ​អតិផរណា ដោយ​​សារ​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នេះ​នៅមាន​តិចតួច​នោះទេ អ្វីដែល​គួរឱ្យ​បារម្ភ​ជាងនេះទៀត​នោះ គឺ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា ដោយសារតែ​រោងចក្រ​អគ្គិសនី​មួយចំនួន​នៅ​ប្រើ​ប្រេងឥន្ធនៈ​នៅឡើយ ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ត្រូវ​ចេញ​ខាត​ថ្លៃ​ប្រេង ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ស្តុក​គ្រប់គ្រាន់​សម្រាប់​ការ​​ផលិត​អគ្គិសនី ដើម្បី​រក្សា​ថ្លៃ​អគ្គិសនី​មិនឱ្យ​កើនឡើង​។

ទន្ទឹមនឹងនេះ បណ្ឌិត គី សិរីវឌ្ឍ ស្នើឲ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ ជាពិសេសពាក់ព័ន្ធប្រេងឥន្ទនៈដែលជាដើមហេតុធ្វើឲ្យថ្លៃប្រេងមានការកើនឡើង បើទោះបីមួយរយៈចុងក្រោយនេះតម្លៃប្រេងបានធ្លាក់ចុះក៏ដោយ នៅតែមានភាពមិនប្រាកដប្រជាច្បាស់នៅឡើយ។

យ៉ាងណា អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានវិធានការគ្រប់គ្រាន់ក្នុងការដោះស្រាយ និងទប់ទល់បញ្ហាអតិផរណានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកអះអាងថា កម្លាំងលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែខ្លាំង ពិសេសឆ្នាំ២០២២ និងបន្តរីកចម្រើនដល់ឆ្នាំ២០២៧ខាងមុខ។

លោកបន្តថា ការរីកលូតលាស់សេដ្ឋកិច្ចខ្លាំងនេះដោយសារតែកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗច្រើនដូចជាផ្លូវគមនាគមន៍ ផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ទីក្រុង និងផ្លូវសំខាន់ផ្សេងៗទៀត ព្រមទាំងមានព្រលានយន្តហោះថ្មីកំពុងសាងសង់ដែលជួយសម្រួលក្នុងការដឹកជញ្ជួនទំនិញផ្សេងៗ។

បណ្ឌិត អ៊ិនចាន់នី បានបន្តទៀតថា ក្រៅពីនេះកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើនជាង ៦៧ ភាគរយ និងមានច្បាប់វិនិយោគថ្មីដែលបានជួយសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត។

ក្រសួង​សេដ្ឋកិច្ច​ បានព្យាករណ៍​ថា ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២២នេះ​ នឹង​ស្ទុះងើបឡើង​ក្នុង​អត្រា៥.៦%​ និងវិល​ទៅរក​កំណើន​សេដ្ឋកិច្ច​ប្រមាណ៧% ​ក្នុង​ឆ្នាំ២០២៤​ខាងមុខ។​ ការព្យាករ​កំណើន​នេះ ​ដោយផ្អែក​ថា​ កម្ពុជា​បានបើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ អត្រាចាក់វ៉ាក់សាំង​ក៏កាន់តែខ្ពស់​ និង​ទំហំនាំចេញ​របស់​កម្ពុជា​មានការកើន​ឡើង​ជាលំដាប់​ បើទោះបី​ស្ថិត​នៅក្នុង​បរិបទ​ជំងឺកូវីដ​១៩ក៏ដោយ។​

បើតាម របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ខាងដើមនេះ គឺមានការចូលរួមចំណែកពីវិស័យជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម៕