ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការចូលរួមរបស់ស្រ្តី គឺមានសារៈសំខាន់ណាស់ ក្នុងការលើកម្ពស់សិទ្ឋិសេរីភាព យេននឌ័រ នៅកម្ពុជា។ សម្តេចថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល , វិស័យសេវាកម្ម ដូចជា ធនាគា សណ្ឋាគារ, ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។
ទន្ទឹមគ្នានេះ សម្តេច បានកោតសសើរផងដែរ ចំពោះការចូលរួមរួមរបស់ស្ត្រីយ៉ាងសកម្មដែលបង្ហាញនូវភាពក្លាហាន មិនចាញ់បុរសនោះឡើយ។
ជាងនេះទៀត សម្តេច ហ៊ុន សែន បានជំរុញឲ្យមានការបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិល ជាស្ត្រីតាមរយៈការបណ្តុះបណ្តាលសមត្ថភាព ដើម្បីឲ្យស្ត្រីបានកាន់តួនាទីផ្សេងៗក្នុងក្រសួងស្ថាប័ន។ សម្តេច ក៏បានលើកទឹកចិត្ត និងជំរុញឲ្យស្ត្រីបានបន្តការសិក្សាឲ្យបានច្រើន ដើម្បីឲ្យធនធានមនុស្សរបស់យើងកាន់តែសំបូរបែប៕
អត្ថបទ៖ សិរីកា