អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់ ៩ជាន់ ទំហំ ៤០ x ៥០ ម៉ែត្រ បំពាក់ដោយសម្ភារៈបច្ចេកវិទ្យាទំនើប លើដំបូលអគារមានចំណតចុះឧទ្ធម្ភាគចក្រ សម្រេចការសាងសង់បាន ១០០%ហើយ នៅត្រឹមខែសីហា ហើយគ្រោងនឹងដាក់សម្ពោធជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យដឹងពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ សីហាម្សិលមិញ។


អគារថ្មីនេះមានកម្ពស់ ៩ជាន់ បំពាក់បច្ចេកវិទ្យាទំនើបៗ សង់លើដីទំហំ៤០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ដែលស្ថិតនៅលើទីតាំងចាស់តាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ។

អគាររដ្ឋបាលថ្មីនេះ ត្រូវបានបុកគ្រឹះសាងសង់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ហើយបើតាមផែនការ គឺគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ប៉ុន្តែទំនងដោយសារវិបត្តិកូវីដ១៩ ក៏អូសបន្លាយពេលរហូតរួចរាល់ត្រឹមខែសីហានេះ៕




