ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្នើវិនិយោគិនចិន មកបោះទុនវិនិយោគនៅកម្ពុជាលើវិស័យធំៗចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី និងជាមេបញ្ជាការកងទ័ពជើងគោក បានស្នើទៅកាន់អ្នកវិនិយោគិនចិនឱ្យមកវិនិយោគលើវិស័យធំៗចំនួន២ គឺវិស័យកសិកម្ម និងវិស័យទេសចរណ៍។ ការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយចិន ក្នុងនាមជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល កាលពីថ្ងៃទី២៥ ខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តចិន ជួយជំរុញវិនិយោគិនចិនឱ្យមកវិនិយោគ លើវិស័យកសិកម្ម និងបន្តជួយជំរុញលើវិស័យទេសចរណ៍ឱ្យមានអ្នកទេសចរណ៍មកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ជាងនេះទៀត លោកក៏សូមឲ្យចិនបន្តជួយសម្រួលដល់និសិ្សតកម្ពុជា ក្នុងការវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញផងដែរ។

ជាការឆ្លើយតបវិញ លោក លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា គោលបំណង នៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ ភាគីចិនក៏បានប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាងនេះទៀត ទាំងកម្ពុជា-ចិន ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនថែមទៀត៕ អត្ថបទ៖ ពិសី