តំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដីសើមមួយកន្លែងដែលមានសារៈប្រយោជន៍ខ្លាំងណាស់ ព្រោះជាទីជម្រករបស់ជីវចម្រុះ និងសត្វស្លាបជិត១០០ប្រភេទ។ នេះជាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា។
ទន្ទឹមនឹងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញ និងអំពាវនាវដល់មន្ត្រីជំនាញ អង្គការដៃគូ អាជ្ញាធរនិងប្រជាពលរដ្ឋត្រូវប្តេជ្ញាអភិរក្សតំបន់ដីសើមនេះឱ្យនៅគង់វង្ស ស្ថិតស្ថេរសម្រាប់បម្រើជាប្រយោជន៍ដល់អ្នកភូមិនៅក្បែរ
ពិសេសក្មេងជំនាន់ក្រោយតាមរយៈការចងក្រងបង្កើតជាតំបន់អេកូទេសចរណ៍ដ៏ទាក់
ទាញនៅថ្ងៃខាងមុខ។
លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងពិធីប្រារព្ធទិវាតំបន់ដីសើម ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ “តំបន់ដីសើម និងជីវចម្រុះ” នៅ សាលាបឋមសិក្សា ថ្មបើកស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
កាលពីពេលថ្មីៗកន្លងមកនេះ។
ព្រះរាជាណាកច្រកម្ពុជា មានផ្ទៃតំនប់ដីសើមប្រមាណ ៤០ភាគរយ ហើយតំបន់ដីសើម
គឺសំដៅលើដីមានសំណើម ដូចជានៅតំបន់បឹងទន្លេសាប ទន្លេមេគង្គ
និងវាលទំនាបមួយចំនួនផងដែរ។
ដោយឡែកតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ដីសើមដែលមានផ្ទៃដី ប្រមាណ ២១៧ហិកតា ដែលបាន និងកំពុងអភិរក្ស ហើយតំបន់នេះមានលក្ខណៈ ពិសេសត្រង់ថា ជាជម្រកសត្វស្លាបច្រើន ប្រមាណជិត១០០ប្រភេទ ហើយខ្លះជាប្រភេទបក្សីកម្រជិតផុតពូជ ពីភពផែនដី ដូចជាសត្វក្រៀលជាដើម ដែលមានចំនួនជាង១០០ក្បាល នៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះ៕