គម្រោងអភិវឌ្ឍទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ សម្រេចបាន ៦០%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅក្នុងសន្និសីទសារព័ត៌មានព័ត៌មាន ពេលថ្មីៗនេះ បានឱ្យដឹងថា «អាងទឹកដូនទ្រីនេះ ជាប្រព័ន្ធមានសក្តានុពលខ្លាំង បើប្រៀបធៀបនឹងប្រព័ន្ធទូទាំងប្រទេស មានលក្ខណៈជាប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុតនៅទូទាំងប្រទេស នេះក៏ដោយសារគម្រោងនេះគឺមានការលុងភ្នំតែម្ដង»។
គម្រោងទំនប់ទឹកនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងមួយ ស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសកូរ៉េ ផងដែរ។ ទំនប់នេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣ ០០០ ហិកតា និងស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានឱ្យដឹងថា នេះជាទំនប់ធំដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តនៅក្នុងប្រទេសកម្ពុជាពីមុនមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។
គួរបញ្ជាក់ផងដែរថា ទំនប់ដូនទ្រី ក៏នឹងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រីទៀតផង៕