លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិស័យឯកជន និងក្រុមយុវជន ក៨ ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ដើម្បីឡបប៊ីឱ្យក្រុមហ៊ុនអ៊ីស្រាអែល មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។
បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដំណើរទស្សនកិច្ចនេះដើម្បីធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការអភិវឌ្ឍវិស័យកសិកម្ម និងការធ្វើកសិ-ធុរកិច្ច។
ទន្ទឹមនឹងនេះ ក៏នាំយកវិស័យឯកជនឈានមុខកម្ពុជា និងក្រុមយុវជន ក៨ ទៅធ្វើការសិក្សាស្វែងយល់ និងដកស្រង់-ផ្លាស់ប្តូរបទពិសោធន៍សំខាន់ៗលើការងារដឹកនាំ គ្រប់គ្រង ការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់ប្រទេសអ៊ីស្រាអែល និងការធ្វើកសិ-ធុរកិច្ច។ល។ មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាសឲ្យវិស័យឯកជនកម្ពុជាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឈានមុខធំៗរបស់អ៊ីស្រាអែលអំពីកាល្លានុវត្តភាពនៃការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគតផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានដាក់ក្តីរំពឹងលទ្ធផលទុកនូវដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលលើកនេះថា ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងប្រទេសអ៊ីស្រាអែលឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទ្វេមួយកម្រិតទៀត
លោកបន្ថែមទៀតថា វិស័យឯកជនកម្ពុជានឹងចាប់បានដៃគូវិនិយោគលើវិស័យកសិកម្ម ជាមួយក្រុមហ៊ុនអ៊ីស្រាអែល។ វិស័យឯកជននឹងនាំយកមកមាតុប្រទេសវិញនូវបទពិសោធន៍ល្អៗអំពីការអនុវត្តបច្ចេកទេសកសិកម្មទំនើប ដើម្បីយកមកធ្វើការកែលម្អ និងអនុវត្តនៅកម្ពុជាឈានទៅធ្វើទំនើប កម្មកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី៕