ក្រុមហ៊ុន កាំយ៉ា និងក្រុមហ៊ុន ថបផ្លេននីង កាលពីពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងកសិកម្មទិញស្វាយចន្ទីសរីរាង្គសរុបជិត ១០០តោនពីសហគមន៍កសិកម្មចំនួន ១២ នៅខេត្តព្រះវិហារ សម្រាប់កែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមមន្ទីកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងរដូវប្រមូលស្វាយចន្ទីនៅឆ្នាំ២០២២ សហគមន៍កសិកម្មបានផ្គត់ផ្គង់ឱ្យ ក្រមហ៊ុន កាំយ៉ា ក្នុងបរិមាណជាង៦៨តោន និងក្រុមហ៊ុន ថបផ្លេននីង ក្នុងបរិមាណចំនួន ៣០តោន ដើម្បីកែច្នៃលក់ចេញទៅក្រៅប្រទេស។
មន្ទីរកសិកម្ម ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តព្រះវិហារ មានផ្ទៃដីដុះស្វាយចន្ទីជាង១ម៉ឺនហិកតា និងអាចផលិតគ្រាប់ស្វាយចន្ទីជាង១ម៉ឺនតោន នាំទៅវៀតណាម ថៃ ចិន និងបណ្ដាប្រទេសមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ខេត្តព្រះវិហារ ក៏មានក្រុមហ៊ុនកែច្នៃមានលទ្ធភាពនាំចេញក្រៅប្រទេសចំនួនមួយ និងសិប្បកម្មខ្នាតតូចចំនួន៣។

ទិន្នន័យពីក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តជាតិចំនួន ៣០១ ៤៣តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ ធ្លាក់ចុះ ៦៨,៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិនចំនួន ១៣៦ ៦៨តោន ថៃចំនួន ១៣៤តោន ជប៉ុនចំនួន ២១តោន និងកោះតៃវ៉ាន់ចំនួន ១០តោន៕