សមាជិកសភាអាមេរិក មកកម្ពុជាជើងនេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២៩សីហានេះ គណៈប្រតិភូសមាជិកសភាអាមេរិក បានប្រាប់សម្តេចតេជោថា មកកម្ពុជាជើងនេះដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី អេលីហ្សាបេត វេន ដាញ តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ដែលកំពុងដឹកនាំគណៈប្រតិភូសមាជិកសភាអាមេរិក មកបំពេញទស្សនកិច្ចកម្ពុជា បានលើកឡើងថា ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

លោកស្រីបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រី អេលីហ្សាបេត អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាពជាមួយលោកស្រី អេលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង។

សហរដ្ឋ​អាមេរិក​ បាន​បង្កើត​ចំណង​ការ​ទូត​ជា​ផ្លូវ​ការ​លើក​ដំបូង​ជាមួយ​កម្ពុជា នៅ​ថ្ងៃ​ទី​ ១១​ ខែ​កក្កដា​ ឆ្នាំ​១ ៩៥០ ដែល​នៅ​ពេល​នោះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដំបូង​គេ​គឺ​លោក Donald Heath បាន​ប្រគល់​សារតាំង​ថ្វាយ​ព្រះបរមរតនកោដ្ឋ​ ព្រះបាទ​នរោត្តម សីហនុ។

រយៈពេល ​៧ ​ទសវត្សរ៍កន្លង​មក​នេះ ក្រោម​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា​សរុប​ចំនួន​ ១៧ ​នាក់ ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ មាន​ភាព​បត់​បែន​ និង​ឡើង​ចុះ​ទៅ​តាម​ស្ថានភាព​នយោបាយ​ក្នុង​សម័យ​កាល​នីមួយៗ។

យ៉ាង​ណា​ក៏​ដោយ​ ទោះ​បី​ជា​តឹង​មាត់​តឹង​សម្ដី​ចោទគ្នាយ៉ាង​ណា​ កម្ពុជា​ក៏​បាន​បង្ហាញ​ជំហរ​ចង់​ស្ដារ​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ផង​ដែរ។ តាំង​ពី​ឆ្នាំ​ ២០១៩ ​មករដ្ឋាភិបាលកម្ពុជាបាន​ជួបក្រុមហ៊ុន​​អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដើម្បី​ឡប់ប៊ី​បញ្ចុះ​បញ្ចូល​​ទាក់​ទាញ​វិនិយោគិន​អាមេរិកាំង​ឱ្យ​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

សូមជម្រាបជូនថា សហរដ្ឋអាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ចម្បង​បំផុត​មួយ​របស់​កម្ពុជា។ របាយការណ៍របស់ការិយាល័យជំរឿនអាមេរិក បង្ហាញថា ការនាំទំនិញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងប្រមាណ៥០.៦៧% ​ពោលគឺក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិកក្នុងទំហំជាទឹកប្រាក់ប្រមាណ ២ ៨០៧លានដុល្លារ ដែលបានកើនឡើងពី ១ ៨៦៣លានដុល្លារ កាលពីត្រីមាសទី១ឆ្នាំ២០២១។

ប៉ុន្តែការនាំទំនិញអាមេរិកមកកម្ពុជាវិញ ហាក់មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់ទេ ក្នុងត្រីមាសទី១នេះ ពោលគឺកម្ពុជាបាននាំចូលទំនិញអាមេរិក ដែលមានទឹកប្រាក់ជាង ១០៩លានដុល្លារ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២១កើនឡើង២.៩១%ប៉ុណ្ណោះ។

ក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់នៅក្នុងឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាអាម៉េរិកសម្រេចបាន ៧.៨ពាន់លានដុល្លារ កើនឡើងប្រមាណ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥.៥ពាន់លានដុល្លារ៕​