ម្ចាស់អាជីវកម្មទេសចរណ៍នៅកម្ពុជាចំនួន១៤៦ ទទួលបានកម្ចី២០លានដុល្លារ ពី SME Bank

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានអនុម័តទំហំកម្ចីសរុបចំនួន ២០លានដុល្លារ ទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ដើម្បីស្តារអាជីវកម្មរបស់ខ្លួន និងជំរុញឱ្យវិស័យទេសចរណ៍នៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ។នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍ កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានឱ្យដឹងថា បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានដាក់ឱ្យអនុវត្តតាំងពីខែឧសភា ឆ្នាំ២០២២មក ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៨ បានដាក់សំណើកម្ចី ក្នុងនោះសំណើរចំនួន១៤៦ ត្រូវបានអនុម័ត។ ចំណែកសំណើកម្ចីចំនួន២ទៀត ត្រូវបានបដិសេធ។

លោក បានបញ្ជាក់បន្តថា«ទំហំកម្ចីសរុបចំនួន ២០លានដុល្លារនោះ គឺកម្ចីភាគច្រើន គឺបានទៅលើអាជីវកម្ម សណ្ឋារគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយក្នុងចំណោមសំណើ ដែលបានអនុម័តនេះ សណ្ឋាគារមានចំនួន១៩ ផ្ទះសំណាក់ចំនួន ៤៤ ក្នុងទំហំទឹកប្រាក់ជាង១០លានដុល្លារ។ ចំណែកកម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥អតិថិជន ក្នុងទំហំប្រាក់ប្រមាណ៧លាន ៨០ម៉ឺនដុល្លារ ។ ក្រៅពីនោះគឺ អាជីវកម្មផ្សេងៗទៀតដែលគាំទ្រដល់វិស័យទេសចរណ៍ ចំនួន១៨ អតិថិជនដែលមានទំហំទឹកប្រាក់ ប្រមាណ២លានដុល្លារ»។

ជាមួយគ្នានេះ លោកបានបន្តថា សន្ទុះនៃការខ្ចីជិត២ខែមកនេះ បាន២០លានដុល្លារ ហើយលោកសង្ឃឹមថា ខែបន្តបន្ទាប់ទៀតនឹងមានសន្ទុះនៃការស្នើកម្ចី និងការបញ្ចេញកម្ចី កាន់តែកើនឡើងថែមទៀត។ លោកវាយតម្លៃថា យ៉ាងយូរណាស់ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣ ទឹកប្រាក់ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងត្រូវបញ្ចេញអស់។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ បានដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន របស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។ គម្រោងហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដោយផ្តល់អត្រាការប្រាក់៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ។គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ៕