អង្គការយូនីសេហ្វ(Unicef) ព្រមទាំងយុវជនពីររូប ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងអប់រំ រៀបរាប់ពីវិថីទៅរកភាពជោគជ័យក្នុងវិស័យការងារ បានចាត់ទុកថា ការអភិវឌ្ឍជំនាញ គឺជាការបើកឱកាសការងារដល់យុវជន។
យុវជនវ័យ១៦ឆ្នាំ លោក ជា សុធា គឺជាជាងកាត់សក់វ័យក្មេងបានឲ្យដឹងថា បើទោះបីជាលោកទើបធ្វើការងារនេះបានរយៈពេលប្រាំមួយខែក្ដី តែមានមានសេចក្ដីរីករាយដូចគ្នាក្នុងការធ្វើការងារនេះ ព្រោះលោក ទទួលបានការលើកទឹកចិត្ត បទពិសោធល្អៗពីម្ចាស់ហាងរបស់គាត់ និងផ្ដល់ឱកាសឲ្យលោកអនុវត្តជំនាញកាន់តែរីកចម្រើនច្រើន។
ជាមួយគ្នានេះ យុវជន ណេង សុជាតា មានអាយុ ១៨ឆ្នាំ ដែលបានចាប់ផ្ដើមការងារថ្មីជាងចុងភៅនៅក្នុងហាងកាហ្វេអ៊ីតាលីនៅចំកណ្ដាលរាជធានីភ្នំពេញបានលើកឡើងដែរថា« ខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងការប្រើប្រាស់ជំនាញ និងចំណេះដឹង ដែលខ្ញុំបានរៀនពីអង្គការមិត្តសំទ្បាញ់។ ការធ្វើការងារនៅទីនេះ គឺជាចំណុចចាប់ផ្ដើមនៃអាជីពរបស់ខ្ញុំ និងជាជំហានដំបូងឆ្ពោះទៅរកការសម្រេចក្ដីសុបិន្តរបស់ខ្ញុំ»។
យុវជនទាំង២រូបខាងលើនេះ គឺបានចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ និងអប់រំ (TVET) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ឲ្យយុវជនងាយរងគ្រោះនូវជំនាញដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យនៅក្នុងវិស័យការងារនេះ។
TVET ជាកម្មវិធីដ៏ចាំបាច់ក្នុងការជួយត្រៀមលក្ខណៈយុវជន ដើម្បីមានភាពជោគជ័យនៅក្នុងទីផ្សារការងារនៅទសវត្សទី២១នេះ។ ការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាលជាបន្តបន្ទាប់របស់យុវជនកម្ពុជា នឹងជាការចាំបាច់ក្នុងការគាំទ្រក្រុមងាយរងគ្រោះបំផុត នៅពេលដែលប្រទេសឈានទៅស្ដារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសកម្មវិធីនានាដែលកំណត់ទិសដៅលើយុវជន ដែលឈប់រៀននៅមុនថ្នាក់ទី៩។
ក្នុងនោះដែរ យុវជនសុធា នៅពេលសុធាបានចាប់ផ្ដើមធ្វើការងារនៅហាងកាត់សក់ដំបូង គាត់រកប្រាក់ចំណូលបាន ១២០ដុល្លារក្នុងមួយខែ ដែលលើសពីប្រាក់ចំណូលដែលគាត់ទទួលបានពីមុនជាងពីរដង។ យ៉ាងណា ដោយមានការតាំងចិត្ត និងជំនាញរបស់គាត់ នៅពេលបច្ចុប្បន្ន អាស្រ័យលើប្រាក់លើកទឹកចិត្តពីអតិថិជន គាត់រកប្រាក់ចំណូលបានរវាងពី ២០០ដុល្លារ និង២២០ដុល្លារក្នុងមួយខែផងដែរ។
ចំណែកឯសុជាតាវិញ នៅពេលនាងបានចាប់ផ្ដើមធ្វើការងារនៅភោជនីយដ្ឋានដំបូង នាងរកចំណូលបាន ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែចំណូលរបស់នាងបានកើនឡើងដល់ ២២០ដុល្លាររួចហើយ ជាមួយនឹងកម្រៃជើងសារ និងផលប្រយោជន៍នានា។
គួរបញ្ជាក់ដែរថា អំឡុងខែមករា ឆ្នាំ២០២០ និងខែកញ្ញា ឆ្នាំ២០២១ ក្មេងជំទង់ និងយុវជនជាង ៤០០នាក់បានចុះឈ្មោះនៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានចូលរួមនៅក្នុងការហ្វឹកហាត់ជាកូនជាង និងការហាត់ការដោយមិនទទួលបានប្រាក់ឈ្នួលនៅក្នុងកម្មវិធី TVET របស់អង្គការមិនសំឡាញ់។ ជាង ៨០ភាគរយនៃពួកគេបានបញ្ចប់កម្មវិធីនេះយ៉ាងពេញលេញ ហើយពួកគេទទួលបានការងារនៅក្នុងវិស័យ ដែលពួកគេបានសិក្សា ឬប្រកបមុខរបររបស់ពួកគេផ្ទាល់៕