អតីតប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ឡើងជា «អភិបាលរង» ខេត្តបន្ទាយមានជ័យ

សង្គម​ និង​សេដ្ឋកិច្ច

លោក ប្រាក់ ប៉ូលី អតីត​ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត​បន្ទាយមានជ័យ​ ​​បាន​ឡើងតួនាទី​ជា​ «អភិបាលរង» ​​ខេត្ត​បន្ទាយមានជ័យ ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​សីហា ឆ្នាំ២០២២ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាក់ ប៉ូលី ​​អតីត​​ប្រធានការិយាល័យ​សុរិយោដី ​ក្រុងប៉ោយប៉ែត ​​​បាន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ​ខេត្ត​បន្ទាយមានជ័យ​ កាល​ឆ្នាំ២០១៥។ ក្រោយ​កាន់​តំណែង​បាន ៤​ឆ្នាំ ​​លោក​ក៏​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដក​តួនាទី​ពី​ប្រធាន​មន្ទីរ​សុរិយោដី មក​បម្រើ​ការ​នៅ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិញ នៅ​ឆ្នាំ២០១៩។ ​​យ៉ាងណាក្តី នៅ​ឆ្នាំ២០២២​នេះ លោក ប្រាក់ ប៉ូលី ​បាន​ផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ​​និង​​​​​បាន​ឡើង​ទៅ​ជា​អភិបាលរង ខេត្ត​បន្ទាយមានជ័យ។

កាល​ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ​នេះ​ អភិបាលរង និងនាយករដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ សរុបចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខាដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់តែងតាំងមន្រ្តីរាជការ ចំនួន ០៦ រូប ដូចខាងក្រោម៖

ទី១៖ លោក ឈឿង ក្រៃយ៉ុង ពីនាយករដ្ឋបាលសាលាខេត្ត ឡើងជាអភិបាលរងខេត្ត

ទី២៖ លោក ប្រាក់ ប៉ូលី ពីមន្ត្រី ក្រសួងមហាផ្ទៃ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មកជាអភិបាលរងខេត្ត

ទី៣៖ លោក ហ៉ឹល រ៉ាយ៉ា ពីអភិបាលក្រុងសិរីសោភ័ណ ឡើងជាអភិបាលរងខេត្ត

ទី៤៖ លោក យឹម សំណាង ពីអភិបាលស្រុកអូរជ្រៅ ឡើងជាអភិបាលរងខេត្ត

ទី៥៖ លោក ឃ្លោក ណួយ ពីអភិបាលរង ខេត្តប៉ៃលិន មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក អោម ចន្ថា អភិបាលរងខេត្ត ដែលឡើងទៅជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ទី៦៖ លោក ណង វុទ្ធី នាយករងរដ្ឋបាល ឡើងជានាយករដ្ឋបាលសាលាខេត្ត៕