អ្នកឧកញ៉ា គិត ម៉េង ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់សកម្មភាពធុរកិច្ច និងវិនិយោគជប៉ុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅចំពោះមុខគណៈប្រតិភូធុរកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលនុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ នៅថ្ងៃទី៣០ ខែសីហាម្សិលមិញ បានប្រាប់និងនាំពីវិស័យសក្តានុពលសំខាន់ៗ ដែលធុរជនជប៉ុន អាចពិចារណាក្នុងការបណ្តាក់ទុនវិនិយោគ។ នៅក្នុងនោះដែរ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបដដែលនេះអ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់ថា ការវិនិយោគរបស់ជប៉ុន មកកម្ពុជា បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះវត្តមានរបស់ក្រុមហ៊ុនធំៗ របស់ជប៉ុន បានជួយផ្ទេរបច្ចេកវិទ្យា និងលើកកម្ពស់បែបផែនរស់នៅរបស់ប្រជាជនកម្ពុជា តួយ៉ាងដូចជាផ្សារទំនើបអ៉ីអន និងក្រុមហ៊ុនមីនីបៀជាដើម។

ជាមួយគ្នានេះ បើក្រឡេកទៅមើល ទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគផ្ទាល់របស់ជប៉ុន មកកម្ពុជា អ្នកឧកញ៉ាបញ្ជាក់ថានៅបន្តកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកឧកញ៉ាបន្ថែមថា ប្រទេសទាំងពីរ មានទំនាក់ទំនងល្អតាំងពីយូរលង់ណាស់មកហើយ។

បន្ថែមពីលើនេះទៀត អ្នកឧកញ៉ា ក៏បានប្រាប់គណៈប្រតិភូធុរកិច្ចជប៉ុនអំពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ និងអញ្ជើញគណៈប្រតិភូធុរកិច្ចជប៉ុន មកបំពេញទស្សនកិច្ចជាថ្មី នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឈានដល់តម្លៃទឹកប្រាក់សរុប ១,១៣ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែដំបូងឆ្នាំ ២០២២ បានកើនឡើង ១៦,២ភាគរយ ពីចំនួនទឹកប្រាក់ ៩៧៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ CDC បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារ៕