ក្រុមហ៊ុន ​FedEx ប្រកាស​ចាប់ផ្តើម​ផ្តល់សេវាដឹកជញ្ជូន​ដោយផ្ទាល់​​ពីអាមេរិក​មក​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក បាន​ប្រកាសពីគម្រោង​​ចាប់ផ្តើម​ដំណើរការផ្តល់សេវាដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជានាខែតុលាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រកាស​នេះ​បាន​ធ្វើឡើងក្នុងពេល​ដែល​គណៈប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនFedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដើម្បី​ស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

លោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន FedEx បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលលោកបានមកកម្ពុជា ហើយលោកមើលឃើញកម្ពុជាមានការរីកចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលលោកធ្លាប់បាន​ឮ​ពីប្រព័ន្ធឃោសនាខាងក្រៅ និងពីមនុស្សមួយចំនួន។

លោក Masamichi Ujiie បាន​បន្តថា ក្រុមហ៊ុននឹង​ចាប់ផ្តើម​ដំណើរការផ្តល់សេវាកម្មដោយផ្ទាល់ចាប់ពីខែតុលា ឆ្នាំ​២០២២​នេះ​តទៅ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​សំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរមកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា។

លោករដ្ឋមន្រ្តី ក៏​បាន​ចង្អុលបង្ហាញពីសារសំខាន់នៃទីតាំងភូមិសាស្ត្ររបស់ប្រទេសកម្ពុជាដែល​ស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្មមួយសម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាលនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ ៣៣៤ លាននាក់។

ជាមួយគ្នា​នេះ លោក​រដ្ឋមន្រ្តីក៏​បង្ហាញពី​សមិទ្ធផលសំខាន់ៗមួយចំនួនពាក់ព័ន្ធការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ នានា​នៅ​កម្ពុជាមានបណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងភស្តុភាកម្មកាន់តែល្អប្រសើរឡើង ដោយ​ផ្លូវជាតិសំខាន់ៗមួយចំនួន មានការពង្រីកពីពីរគន្លងទៅបួនគន្លង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងខែតុលា រួមជាមួយនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់ជាមួយទីក្រុងហូជីមិញ គ្រោងបើកការដ្ឋានសាងសង់នៅក្នុងពេលខាងមុខនេះផងដែរ។

ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិចំនួន៣នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង។ កម្ពុជាបានធ្វើការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុនអនុវត្តប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដែលនឹងដាក់ឆ្លងគណ:រដ្ឋមន្រ្តីនាពេលឆាប់ខាងមុខ។

ជាងនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងភ្នំពេញ ហើយក្រសួងក៏គ្រោងចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងព្រះសីហនុនៅពេលខាងមុខ និងកំពុងស្វែងរកការវិនិយោគលើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគមជ្ឈមណ្ឌលដឹកទំនិញតាមផ្លូវអាកាសតំបន់ផងដែរ។