ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២បន្ថែម ស្ថិតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងសាងសង់ស្ពានស្ថិតនៅក្នុងតំបន់ម្តុំព្រែកប្រា ខណ្ឌច្បារអំពៅ មកចាក់អង្រែ ខណ្ឌមានជ័យ នេះប្រសិនបើរដ្ឋាភិបាលចិនយល់ព្រមជាមួយ ហើយគម្រោងនេះនឹងអាចបើកការដ្ឋាននៅឆ្នាំក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានការណែនាំឲ្យទៅចរចាជាមួយភាគីចិន អំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា ដោយស្ពាននេះមានប្រវែង ៨៤៥ម៉ែត្រ និងត្រូវធ្វើជា ៤គន្លង ២គន្លងទៅ និង ២គន្លងមក ដើម្បីកុំឲ្យស្ទះចរាចរណ៍នៅលើស្ពាន។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្កើបថា គម្រោងសាងសង់ស្ពានម្ដុំព្រែកប្រានេះ មានតម្លៃប្រហែលជា ៦០លានដុល្លារអាមេរិក ហើយប្រសិនបើប្រទេសចិនយល់ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ៕