ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសិក្សានិងសហការជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីត្រៀមតុបតែងភ្លើងលម្អរបៀបជាប្រាសាទ ចំពោះអគារទីស្តីការថ្មីរបស់ខ្លួន ដែលមានទីតាំងនៅជិត Grand Phnom Penh ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដើម្បីសម្រេចគម្រោងខាងលើនេះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការសិក្សាសាកល្បងលើគម្រោងប្លង់តុបតែងភ្លើងលម្អរបៀបជាប្រាសាទ ចំពោះអគារទីស្តីការក្រសួងដែនដី ដោយក្រុមហ៊ុន ប៊ីអិន ភី អ៊ុនណូ វេសិន ឯក (BNP Innovation) ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើននាក់។

អគារទីស្តីការក្រសួងដែនដីថ្មី ដែលដឹកនាំសាងសង់ឡើងដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងស្ថាបត្យករឆ្នើម បណ្ឌិត លី រស្មី កំពុងទទួលបានការស្ញើញសរសើរយ៉ាងខ្លាំងពីសាធារណៈជនទូទៅ ដោយសារមានក្បាច់រចនាចម្រុះសម័យរួមគ្នា តាំងពីក្បាច់ខ្មែរបុរាណ ក្បាច់សម័យអង្គរ ក្បាច់សម័យក្រោយអង្គរ និងក្បាច់ខ្មែរសម័យទំនើបផងដែរ។ បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន តែងទៅកម្សាន្តនៅមុខអគារនេះ ដើម្បីទស្សនាទស្សនីយភាព និងថតរូបកម្សាន្តជាអនុស្សាវរីយ៍។

គួរបញ្ជាក់ថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា និងជាស្នាដៃផ្ទាល់របស់កូនខ្មែរ តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អគារទីស្តីការក្រសួងដែនដីថ្មី សាងសង់នៅលើផ្ទៃដីទំហំ ៤,៥ហិកតាមានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕






