លោក ម៉ែន អេង ដែលជាពិធីករពូកែខាងវោហាស័ព្ទមួយរូប របស់ស្ថានីយទូរទស្សន៍បាយ័ន បានចូលកាន់តំណែងជា អភិបាលរងខេត្តស្វាយរៀង ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ខណៈដែលពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង នេះ ធ្វើឡើងក្រោមអធីបតីភាព ឯកឧត្ដម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្តថ្មី ដែលប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្ត ការងារក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌ សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន។
លោក ម៉ែន អេង ជាអភិបាលរងថ្មីមួយរូប ក្នុងចំណោមអភិបាលរងថ្មីសរុបចំនួន៤រូបរបស់ខេត្តស្វាយរៀង ដែលទើបទទួលបានការតែងតាំងថ្មី។ លោក ម៉ែន អេង ជាបុគ្គលមួយរូបដែលត្រូវបានគេមើលឃើញថា បានខិតខំ ពុះពារយ៉ាងខ្លាំងក្នុងការងារជាអ្នករាជការ។ ជាក់ស្តែងលោកធ្លាប់បម្រើការងារជាទាហាន នៅក្រសួងការពារជាតិ ជាមន្ត្រីនគរបាល នៅក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ហើយលោកបានឆ្លងកាត់ការសិក្សាជាច្រើនផងដែរ រួមទាំងវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៦៧៣ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក ប៉េង ពោធិ៍សា ឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ៦, លោក ម៉ែន អេង ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤, លោក សុខា រ៉ាម ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ១ និង លោកស្រី យក់ ស៉ីណាត ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង៕