កូនប្រុសអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ គឺលោក មីន កុម្ភៈ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក មីន កុម្ភៈ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តជាផ្លូវការហើយ។
មិនទទួលដំណែងតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ លោក មីន កុម្ភៈ ទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ លេខនស/រកត/៦៩៧/០៧១៨ កាលពីឆ្នាំ២០១៨។
ជាមួយគ្នានេះ លោក យន្ត មីន ក៏មានកូនប្រុសម្នាក់ទៀតផងដែរ គឺវរសេនីយ៍ទោ មីន រស្មី ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលផែនប្រឆាំងបទល្មើស បន្ទាប់ពីផ្ទេរភារកិច្ចពីអធិការនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមជម្រាបជូនថា នៅក្នុងអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោផ្ទាល់នោះ ក្រៅពីការតែងតាំងកូនប្រុសលោក យន្ត មីន នោះ ក៏មានតែងតាំងមន្រ្តីរាជការចំនួន ៣រូបទៀតជាអភិបាលរងខេត្តព្រះសីហនុ រួមមាន៖ លោក ឯម ភាព មានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៥, អ៉ី សុខឡេង ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ ១ និងលោក យូសុះ សូឡៃម៉ាន ឋានន្តរស័ក្តិថ្នាក់គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ នៃក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំយុវជន និងកីឡា៕